វិស័យកម្មន្តសាលមិនមែនកាត់ដេរកំពុងបន្តបង្ហាញនូវសញ្ញានៃការលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ភ្នំពេញ៖ វិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងបន្តបង្ហាញនូវសញ្ញានៃការលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវអត្រាកំណើននាំចេញ និងការធ្វើពិពិធកម្មទំនិញ។ នេះបើយោងតាមឯកសារក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
ជាក់ស្តែង នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩, វិស័យកម្មន្តសាលមិនមែន កាត់ដេរ នៅអាចរក្សាបានកំណើនខ្ពស់ តាមរយៈកំណើននាំចេញនៃផលិតផលកម្មន្តសាលមិនមែន កាត់ដេរ ដែលរួមមាន កង់ក្តារបន្ទះ, គ្រឿងសង្ហារិម, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក ជាដើម។ ក្នុងបរិបទនៃការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ, វិស័យនេះមានសក្តានុពលធំធេងចូលរួមរុញច្រានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយម្យ៉ាង ការរំពឹងទុកនូវការបន្តនិន្នាការនៃការផ្លាស់ប្តូរ ទីតាំងរោងចក្រ និងការធ្វើពិពិធកម្មប្រភពផលិតកម្ម របស់ក្រុមហ៊ុនអន្តរជាតិមួយចំនួនមកកម្ពុជា និងភាពអំណោយផលនៃបរិយាកាសវិនិយោគ និងធុរកិច្ច ក៏ដូចជា កំណើននៃទីផ្សារ តាមរយៈច្បាប់ស្តីពី វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាដើម។ ទោះជាយ៉ាងនេះក្តី, វិស័យនេះនៅតែមានការ ប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវដោះស្រាយចំពោះមុខ ដើម្បីបន្តពង្រឹង និងលើក កម្ពស់សមត្ថភាព និងផលិតភាព ដូចជា កង្វះវត្ថុធាតុដើមក្នុងស្រុកភាពមានកម្រិត និងកង្វះកម្មករ ជំនាញបច្ចេកទេស, កង្វះខាតប្រភេទអាជីវកម្មធុនកណ្ដាល (missing middles) និងភាពមានកម្រិត ក្នុងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកល ដែលកំពុងបន្តរារាំងវិស័យនេះក្នុងការបង្កើន សមត្ថភាពទាញយកកាលានុវត្តភាពទាំងនេះឱ្យបានជាអតិបរមា។
លើមូលដ្ឋាននេះ ជាទិសដៅទៅមុខ, រាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្ត គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដោយផ្តោតសំខាន់លើការពង្រឹង និងការពង្រីក មូលដ្ឋានឧស្សាហកម្មកម្ពុជា ជាពិសេស ទំនិញដែលមានតម្រូវការខ្ពស់ និងតម្លៃបន្ថែមខ្ពស់ ដែលអាច បម្រើតម្រូវការក្នុងស្រុកផង និងនាំចេញផង តាមរយៈការលើកកម្ពស់ការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្ល តំបន់ និងសកល៕



