សមាគមកីឡាទូកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាទូកជ្រើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨

ក្លិបកីឡាទូកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប៦គ្រឿង មាន៣វិញ្ញាសា គឺប្រភេទ ទូកកានូ ប្រភេទ ទូកកាយ៉ាក់ និងទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់ ពីការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ ដែលរៀបចំ នៅដងព្រែកកំពត ខេត្ត កំពត រយៈពេល៣ថ្ងៃ ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ មានសមាគមកីឡាទូកចូលរួមចំនួន១៤ រាជធានី-ខេត្ត លើ៤ប្រភេទទូក មានដូចជា ទូកកានូ ទូកាកាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ១២នាក់ ធ្វើការប្រកួតលើ១១ វិញ្ញាសា សរុបកីឡាករ កីឡាការិនីប្រតិភូ និងគណៈកម្មការបច្ចេកទេស៣៥១នាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ទៀតថា ការប្រកួតនេះ ក្រោមការឧត្តមគាំទ្រថវិកាពីក្រសួងអប់រំយុវជន និងកីឡា រៀបចំឡើង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗជាជម្រើសជាតិ ឆ្នាំ២០២២ និងផ្តល់បទពិសោធន៍ ដល់គណៈកម្មការបច្ចេកទេសហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តម អះអាងថា មូលហេតុដែលសហព័ន្ធសម្រេចរៀបចំនៅដងព្រែកខេត្តកំពតនេះ ដោយសារខេត្តសក្តានុពលមួយនេះ គឺជាកន្លែងទទួលរៀបចំការប្រកួតកីឡាទូកស៊ីហ្គេម ឆ្នាំ២០២៣ ។


ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធ សហការជាមួយរដ្ឋបាលខេត្តកំពត បានខិតខំរៀបចំឲ្យការប្រកួតកីឡាទូកជ្រើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៨ ប្រព្រឹត្តិទៅដោយភាពអធិកអធមបញ្ចប់ដោយជោគជ័យគួជាទីមោទនៈ ។ ឯកឧត្តម អភិបាល លើកឡើងថា ការប្រកួតតែ៣ថ្ងៃក៏ពិតមែន ប៉ុន្តែបានផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជំនះកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់គួបផ្សំ និងការគោរពវិន័យក្រមសិល៍ធម៌ល្អតាមបទដ្ឋានបច្ចេកទេស នៃការប្រកួត ។


ឯកឧត្តម បានបញ្ជាក់ថា ចាប់តាំងពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួនរហូតទទួលបានការចាប់អារម្មណ៍ខ្មាំង និងគាំទ្រពីមហាជន ពិសេសសមត្ថភាពរបស់កីឡាករ កីឡាការិនីក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ ។ ជាមួយគ្នានេះ ឯកឧត្តម លើកឡើងទៀតថា ដើម្បីឲ្យកីឡាទូកកម្ពុជាទទួលជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរៀបចំលើកដំបូង នៅកម្ពុជា ឯកឧត្តមក៏បានផ្តល់អនុសាសន៍៧ចំណុច ទី១ ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ កីឡាការិនីវ័យក្មេងនៅតាមបណ្តាសមាគមក្លិបទូទាំងប្រទេស ទី២ ត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ សមាគមទូករាជធានី-ខេត្ត ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ និងចូលរួមប្រកួត ទី៣ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដោយផ្តោតសំខាន់លើការបំពេញមុខងារ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ទី៤ ត្រូវពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស និងអាកណ្តាលចៅក្រម ឲ្យកាន់តែល្អប្រសើទាំងបរិមាណ និងគុណភាព ទី៥ ត្រូវខិtខំស្វែងរកដៃគូរសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើទៅបាន ទី៦ ត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណៈជន ទាំងជាតិ និងអន្តរជាតិ និងទី៧ ត្រូវប្រឹងប្រែងរកទីលានប្រកួតប្រភេទកីឡាទូកស្តង់ដាមួយ ដើម្បីរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ។


សម្រាប់លទ្ធផល នៃការប្រកួតរយៈពេល៣ថ្ងៃ ក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប៧គ្រឿង មានមេដាយប្រាក់ និងសំរិទ្ធផងដែរ ខណៈសមាគមនគរបាលជាតិ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងសមាគមទូកខេត្តកណ្តាល ដណ្តើមបានមេដាយមាសចំនួន១គ្រឿ ងអមដោយមេដាប្រាក់ និងសំរិទ្ធលើ៤ប្រភេទទូកដាក់ឲ្យប្រកួតប្រជែង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner