គណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាម៉េរិកគំាទ្រសេចក្តីព្រាងដាក់ទណ្ឌកម្មលើតួកគី ជុំវិញវត្តយោធាតួកគីនៅស៊ីរី និងការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី
សហរដ្ឋអាម៉េរិក៖ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃពុធម្សិលមិញ បានឯកភាពលើសេចក្តីព្រាងមួយ ក្នុងការដាក់ទណ្ឌកម្មប្រឆំាងនឹងតួកគី ដោយសារតែប្រតិបត្តិការយោធារបស់ទីក្រុងអង់ការ៉ានៅប្រទេសស៊ីរី និងការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសពីរុស្ស៊ី ។
គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងដែលមានឈ្មោះថា ការលើកកម្ពស់សន្តិសុខជាតិអាម៉េរិក និង ការការពារការកើតឡើងវិញនៃក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ក្នុងសម្លេងគំាទ្រ១៨ ទល់នឹង៤ ដោយសេចក្តីព្រាងនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាដើម្បីសម្រេចចូលជាធរមាន ។
បច្ចុប្បន្នសមាជិកសភាសហរដ្ឋអាម៉េរិកមកពីគណបក្សទាំងពីរបាន និងកំពុងខិតខំជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មប្រទេសតួកគី ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 របស់ទីក្រុងអង់ការ៉ាជាមួយរុស្ស៊ី ។
នៅក្នុងលិខិតមួយនាដើមខែនេះ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក លីនស៊ី ក្រាហែម និងសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក គ្រីស វ៉ាន់ ហូលែន បានជំរុញរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ អនុវត្តការដាក់ទណ្ឌកម្មលើតួកគី ដោយយោងទៅតាមច្បាប់របស់សហរដ្ឋអាម៉េរិកផងដែរ ៕ធ.ដ