កម្ពុជាដំណើរការប្រឡងបាក់ឌុប បន្ទាប់ពីឆ្នាំមុនដែលអនុញ្ញាតការជាប់ជាស្វ័យប្រវត្តិ (Video Inside)
ដំណើរការប្រឡងបាក់ឌុបថ្ងៃដំបូងបានប្រព្រឹត្តទៅយ៉ាងរលូននៅថ្ងៃម្សិលមិញនេះ ជាមួយនឹងការសន្យារបស់រដ្ឋមន្ត្រីក្រសួងអប់រំថាតម្លៃសញ្ញាបត្រនៃការប្រឡងឆ្នាំ២០២១ ដែលវិបត្តិឆ្លងកូវីដ១៩មិនទាន់ផុតរលត់នេះ គឺមានតម្លៃដូចសញ្ញាបត្រនៃឆ្នាំប្រឡងមុនៗ។
កម្ពុជាក្នុងអម្លុងឆ្នាំសិក្សា២០១៩-២០២០ដែលកំពុងមានការឆ្លងរាលដាល ខ្លាំងដោយជម្ងឺកូវីដ១៩, ការប្រឡងឌីប្លូមនិងការប្រឡងបាក់ឌុបនាពេលនោះ ត្រូវក្រសួងអប់រំបានសម្រេចឱ្យ បេក្ខជនប្រឡងជាប់ជាស្វ័យប្រវត្តិដោយគ្មានការកំណត់និទ្ទេស។ ប៉ុន្តែក្នុងឆ្នាំ២០២១នេះ គឺចាប់តាំងពីប្រទេស ដែលធ្លាប់មានវិបត្តិធ្ងន់ធ្ងរ និងបានឈានដល់មានដំណោះស្រាយសាឡើងវិញដោយសារការចាក់ថ្នាំបង្កាកូវីដ១៩ទូទាំងប្រទេសបានជិត៩០ភាគរយមកហើយនេះ, ការប្រឡងសញ្ញាបត្រ ត្រូវបានរៀបចំដូចដើមវិញ។
បន្ថែម៖ ទូរទស្សនិកជនពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបថ្ងៃដំបូងនេះថែមទៀត សេចក្តីរាយការណ៍ពីមន្ត្រីនាំពាក្យ ក្រសួងអប់រំលោករស់សុវាចា បានថ្លែងថា ដំណើរការប្រឡងបាក់ឌុប នាថ្ងៃ២៧ ធ្នូ ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ។ លោកបានថ្លែងថា ដំណើរការ មានសភាពល្អនៅតាមមណ្ឌលប្រឡង ប៉ុន្តែក៏មានសេចក្តីរាយការណ៍ជុំវិញបេក្ខជនប្រឡងខ្លះមានអាការៈវិល មុខ, ខ្យល់គរ និងក្អួតចង្អោរផងដែរ និងពួកគេបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡងដើម្បីអាចវិលត្រឡប់ចូលរួមក្នុងការប្រឡងវិញបាន។ ដោយឡែកយុវនារី២នាក់ឆ្លងកូវីដ ១៩ក្នុងពេលដែលវិលត្រឡប់មកពីការចូលរួមប្រកួតកីឡាការ៉ាតេដូពីក្រៅប្រទេសនោះ ពួកគេមានសុខភាពល្អ ធម្មតានៅក្នុងបន្ទប់ប្រឡងដាច់ដោយឡែកនិងបានធ្វើកិច្ចការប្រឡងរបស់ពួកគេតាមធម្មតា។