ករណីឆ្លងកូវីដក្នុងស្រុកនៅចិន កើនខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេល ២១ ខែចុងក្រោយ
ប្រទេសចិន បានរាយការណ៍ពីករណីកើនឡើងប្រចាំថ្ងៃកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ២១ ខែ ចុងក្រោយ ដោយសារការរីករាលដាលច្រើនទ្វេដងនៅក្នុងទីក្រុង ស៊ីអាន ភាគពាយ័ព្យប្រទេសចិន។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន CNA។
ទីក្រុង ដែលមានចំនួនប្រជាជនប្រមាណ ១៣ លាននាក់ ត្រូវបានបិទខ្ទប់អស់រយៈ ៤ ថ្ងៃហើយ ក្រោយរកឃើញករណីឆ្លង ១៥៥ ករណីកាលពីថ្ងៃសៅរ៍ ពោលគឺកើនឡើងពី ៧៥ ករណីមួយថ្ងៃមុននេះ។ នេះបើតាមឱ្យដឹងពីទិន្នន័យផ្លូវការនៅថ្ងៃអាទិត្យ។
ករណីរកឃើញថ្មីនេះ ជំរុញឱ្យករណីឆ្លងសរុបនៅប្រទេសចិនកើនដល់ ១៥៨ ករណី ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីប្រទេសចិនបានគ្រប់គ្រងការរីករាលដាលទូទាំងប្រទេសនៅដើមឆ្នាំ ២០២០។
ទីក្រុងស៊ីអាន រកឃើញករណីស្រាលក្នុងតំបន់ ៤៨៥ ករណី សម្រាប់រយៈពេលពីថ្ងៃទី ៩ ខែធ្នូ ដល់ថ្ងៃទី ២៥ ខែធ្នូ ហើយក៏បានដាក់វិធានការធ្ងន់ៗ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺនេះ ស្របតាមគោលនយោបាយរបស់ទីក្រុងប៉េកាំង ដែលថាការផ្ទុះឡើងណាមួយគួរតែត្រូវបានទប់ស្កាត់ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
ទីក្រុងនេះ បានប្រកាសថា មិនមានការឆ្លង ដែលបណ្តាលមកពីវ៉ារ្យ៉ង់អូមីក្រុងទេ បើទោះបីជា អាជ្ញាធរចិន បានរាយការណ៍ថា បានរកឃើញករណីអូមីក្រុងមួយចំនួនក្នុងចំណោមអ្នកដំណើរអន្តរជាតិ និងនៅភាគខាងត្បូងប្រទេសចិនក៏ដោយ។

ប្រភព៖ CNA