យ៉ាងហោចណាស់មនុស្ស ៤១ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធនៅប៊ួគីណាហ្វាសូកាលពីសប្ដាហ៍មុន

​រដ្ឋាភិបាលប៊ួគីណាហ្វាសូ​​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់ ​៤១​ នាក់​ត្រូវ​បាន​​សម្លាប់​ក្នុង​​ការ​វាយ​ប្រហារ​លើ​រថយន្ត​ដោយ​ក្រុម​ប្រដាប់​អាវុធ​នៅ​ភាគ​ខាង​ជើង​ជិត​ព្រំដែន​ប្រទេស​ម៉ាលី​​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន​។​

​រដ្ឋាភិបាល​ថា​ អ្នក​ស្លាប់​ទាំង​នោះ​ភាគ​ច្រើន​ជា​សមាជិក​នៃ​កង​កម្លាំង​ការពារ​ស្វ័យ​ការពារ​ស៊ីវិល​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ការពារ​មាតុ​ភូមិ​ (VDP) ​ដែល​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​កង​ទ័ព​។​​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​ មាន​ទាំង​លោក​ Ladji Yoro ​ដែល​ជា​មេដឹក​នាំ​ VDP​។​ ​

ខណៈ​ដែល​មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​​ ក្រុម​ប្រដាប់​អាវុធ​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អាល់កៃដា​ ​កំពុង​ប្រយុទ្ធ​ជាមួយ​កង​កម្លាំង​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​សាហែល​អាហ្វ្រិក​។​ ហើយ​ប៊ួគីណាហ្វាសូ​​​ក៏​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នេះ​ផង​ដែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​​​។​

ក្រុមប្រដាប់អាវុធ​ជំរុញឱ្យមានភាពតានតឹងខាងសាសនា និងជនជាតិភាគតិច រវាងសហគមន៍កសិកម្ម និង​ចិញ្ចឹមសត្វក្នុងប្រទេសម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេរីយ៉ា ដើម្បីប្រមូលផ្ដុំសហគមន៍ដែលខ្វះខាតឱ្យចូលជាមួយខ្លួន។

ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​បំផុត​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ នៅ​ពេល​ដែល​មនុស្ស​ចំនួន​ ៥៧ ​នាក់​រួម​ទាំង​អាវុធ​ហត្ថ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​កងរាជ​អាវុធ​ហត្ថ​មួយ​។​

​កាល​ពី​សប្តាហ៍​មុន​ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​​និយាយ​ថា​ អំពើ​ហិង្សា​ដែល​កាន់​តែ​អាក្រក់​នៅ​ក្នុង​តំបន់​សាហែល​អាហ្រ្វិក​​ នាំ​ឱ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​ធ្ងន់​ធ្ងរ​បំផុត​មួយ​របស់​ពិភព​លោក​។​ ការ​វាយ​ប្រហារ​នៅ​ប៊ូគីណាហ្វាសូ​ ឆក់​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ និង​បង្ខំ​មនុស្ស​ជាង​មួយ​លាន​នាក់​ឱ្យ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner