ទីបំផុតក្រុមសង្គ្រោះឈីលី និងប្រេស៊ីលរកឃើញបំណែកមួយចំនួន ដែលទំនងជារបស់យន្តហោះយោធាឈីលីដែលបាត់ខ្លួនជាមួយមនុស្ស៣៨នាក់
អត្ថបទដោយ៖
Kien Sereyvuth
ឈីលី៖ ក្រុមសង្គ្រោះឈីលី និងប្រេស៊ីលបានអះអាងនៅថ្ងៃពុធនេះថា ទីបំផុតពួកគេបានរកឃើញបំណែកមួយចំនួន ដែលត្រូវបានជឿជាក់ថា ជារបស់យន្ដហោះយោធាឈីលី C-130 ដែលបាត់ខ្លួនជាមួយមនុស្ស៣៨នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅឯតំបន់អង់តាក់់ទិក ។

បំណែកខាងលើត្រូវបានរកឃើញអណ្ដែតនៅលើផ្ទៃទឹកសមុទ្រ ដែលគេស្គាល់ថា ដ្រេកផាសេច នៅចំងាយ៣០គីឡូម៉ែត្រ ពីទីដែលយន្ដហោះយោធាឈីលី C-130 ត្រូវបានគេធ្វើការទាក់ទងជាលើកចុងក្រោយ ហើយបើតាមអាជ្ញាធារឈីលី បំណែកនេះ អាចជាផ្នែកមួយនៃធុងសាំង ស្ថិតនៅផ្នែកខាងក្នុងរបស់យន្ដហោះ ។

សូមបញ្ជាក់ថា បើទោះបីជារកឃើញបំណែកមួយចំនួន ដែលគេជឿជាក់ថា ជារបស់យន្ដហោះយោធាឈីលី C-130 ក៏ដោយ ក៏ប៉ុន្តែជោគវាសនារបស់មនុស្សទាំង៣៨នាក់នៅមិនទាន់អាចដឹងច្បាស់នៅឡើយទេ ។ ក្នុងចំណោមអ្នកជិះទាំង ៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង ២១នាក់ជាអ្នកដំណើរ ៕ធ.ដ

