កីឡាករម៉ូតូទឹក សាលី អ៊ូមើត ដណ្តើមបានមេដាយមាស កម្រិតពិភពលោកពីប្រទេសថៃ ក្នុងចំណោមអត្តពលិកជាង៦០ប្រទេសចូលរួម
មេដាយមាសកម្រិតពិភពលោក របស់កីឡាករម៉ូតូទឹក សាលី អ៊ូមើ ពីប្រទេសថៃ ក្នុងចំណោមអត្តពលិកជាង៦០ប្រទេសចូលរួម គឺជាផលវិជ្ជមានមួយដ៏ល្អ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងឪកាសសំណេះសំណាលនាព្រឹកមិញ នៅអាគារមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ។

ឯកឧត្តម ណុះ ស្លេះ បន្ថែមថា ក្រៅពីវីរៈកីឡាករ សាលី អ៊ូមើត កីឡាករ មីន ម៊ូស្តាន់ សហព័ន្ធក៏មានកីឡាករថ្នាលជាច្រើនរូបមានសិទ្ធផលល្អផងដែរ ដោយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ប៉ុន្តែពួកគាត់នៅខ្វះបទពិសោធន៍ និងបច្ចេកទេស ដូច្នេះសហព័ន្ធត្រូវពង្រឹងបន្ថែម ឆ្ពោះទៅដណ្តើមមេដាយនៅព្រឹត្តការណ៍ធំៗចំនួន៣ នៅទ្វីបអឺរុប ទ្វីបអាមេរិក និងទ្វីបអាស៊ី ជូនកម្ពុជាអោយបាន ។

ដោយឡែកកីឡាករ សាលី អ៊ូមើត បញ្ជាក់ថា សមិទ្ធផលនេះគឺរូបគេបានធ្វើការហ្វឹកហាត់ទៀងទាត់ ជាពិសេសទទួលបានការបង្ហាត់បង្ហាញពីគ្រូបង្វឹកជនជាតិបរទេស និងគ្រូជំនួយយ៉ាងយកចិត្តទុកដាក់ទើបអាចការពារជើងឯកបាន និងប្តេជ្ញាចិត្ត ដណ្តើមមេដាយជូនកម្ពុជា នៅព្រឹត្តការណ៍ក្រោយៗទៀត ។
សូមបញ្ជាក់ថា ពានរង្វាន់ Jet Ski World Cup 2019 នៅទីក្រុង Pattaya ប្រទេសថៃ ចាប់ផ្តើមប្រកួតពីថ្ងៃទី៣ដល់៨ ខែធ្នូ ដោយប្រកួតមាន៦២ប្រទេសចូលរួម ជាលទ្ធផល កីឡាករ សាលី អ៊ូមើត ដណ្តើមបានមេដាយមាសលើវិញ្ញាសា Pro Am Ski Super Stock (Ski Modified) ៕ធ.ដ






