ការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជុំទី៨ ចាប់ផ្តើមនៅទីក្រុងវីយែន

កិច្ចចរចា​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ ​របស់​អ៊ីរ៉ង់​ជាមួយ​មហា​អំណាច​ជុំ​ទី​៨ ​និង​អាច​ជា​ចុង​ក្រោយ​នៅ​ប្រទេស​អូទ្រីស​ ​ចាប់​ផ្តើម​ដោយ​ក្តី​សង្ឃឹម​​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​។​

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​នៃ​​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ (JCPOA) ​​បាន​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ក្នុង​រដ្ឋ​ធានី​វីយែន​ ជាមួយ​នឹង​កិច្ច​ប្រជុំ​ទ្វេភាគី​ និង​ត្រី​ភាគី​ជាច្រើន​រវាង​គណៈ​ប្រតិភូ​ផ្សេង​ៗ​គ្នា​។​ ទោះ​ជា​យ៉ាង​ណា​​ មិន​មាន​ជំនួប​ដោយ​ផ្ទាល់​រវាង​តំណាង​របស់​អ៊ីរ៉ង់​ និង​សហរដ្ឋ​អាមេរិក​ទេ​ ខណៈ​ដែល​ទីក្រុង​តេអេរ៉ង់​បដិសេធ​មិន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​ជា​ឯកតោ​ភាគី​ក្នុង​ឆ្នាំ​ ២០១៨​។​

បន្ទាប់​ពី​កិច្ច​ប្រជុំ​​ ប្រធាន​អ្នក​ចរចា​របស់​អ៊ីរ៉ង់​លោក​ Ali Bagheri Kani ​​និយាយ​ថា​ គណៈប្រតិភូ​​យល់​ស្រប​ថា ​វឌ្ឍនភាព​ល្អ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ជុំ​ទី​ ៧ ​ដែល​​បញ្ចប់​កាល​ពី​ ១០ ​ថ្ងៃ​មុន​ ហើយ​ឥឡូវ​នេះ​មាន​ក្រប​ខ័ណ្ឌ​សមស្រប​ ដើម្បី​ដំណើរ​ការ​កិច្ច​ពិភាក្សា​ទៅ​មុខ​។​ .

លោកនិយាយ​ថា​៖​ «​រឿង​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាការ​ចម្រុះ​នេះ ​គឺ​ភាគី​ផ្សេងៗ​គ្នា​​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​ផ្តល់​អាទិភាព​ដល់​ការ​ដក​ទណ្ឌកម្ម​ ព្រម​ទាំង​ការ​ផ្ទៀង​ផ្ទាត់​ និង​ការ​ធានា​ក្នុង​អំឡុង​ពេល​ជុំ​ទី​៨​ផង​ដែរ​»​។​

​​JCPOA ​​ផ្តល់​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ដល់​អ៊ីរ៉ង់​ជាថ្នូ​រ​នឹង​ការ​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ និង​ការ​ដាក់​ទណ្ឌកម្ម​ អ៊ីរ៉ង់​​បោះ​បង់​ចោល​ការ​ទប់​ស្កាត់​ទាំង​នោះ​ ហើយ​ឥឡូវ​នេះ​កំពុង​អភិវឌ្ឍ​ម៉ាស៊ីន​កម្រិត​ខ្ពស់​ ដើម្បី​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​រហូត​ដល់​ ៦០ ​ភាគ​រយ​។​

លោក​ Enrique Mora ​ដែល​ជា​អ្នក​សម្រប​សម្រួល​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​​ប្រាប់​អ្នក​សារព័ត៌មាន​ក្រៅ​កិច្ច​ប្រជុំថា​​ ពេល​វេលា​មាន​កំណត់​ដោយ​សារ​ការ​វិវត្តន៍​នុយក្លេអ៊ែ​របស់​អ៊ីរ៉ង់​ ប៉ុន្តែ​គណៈ​ប្រតិភូ​ទាំង​អស់​ចង់​បញ្ចប់​កិច្ច​ចរចា​ដោយ​ជោគ​ជ័យ​។​

​​ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner