ចិនប្រាប់ឱ្យឥណ្ឌូនេស៊ីបញ្ឈប់ការខួងប្រេង-ឧស្ម័ននៅប្រជុំកោះសមុទ្រចិនខាងត្បូង

ចិន​បាន​ធ្វើ​ការ​ជម្រាប​ប្រាប់​ឱ្យ​ខាង​ឥណ្ឌូនេស៊ី​បញ្ឈប់​ការ​ខួង​ប្រេង ឬ ឧស្ម័ន​ធម្មជាតិ​នៅ​ក្បែរ​កោះ​ណាទូណា (Natuna) ដែល​ស្ថិត​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន​នីកេ។

ក្រៅ​ពី​ការ​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ការ​ទូត ខាង​ភាគី​ចិន​ក៏​បាន​បញ្ជូន​នាវា​ឆ្មាំ​សមុទ្រ​ទៅ​កាន់​តំបន់​ខួង​យក​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ទៀត​ផង​ ដើម្បី​ដាក់​សម្ពាធ​ភាគី​ឥណ្ឌូនេស៊ី។ ប្រមុខ​អង្គភាព​សន្តិសុខ​លំហ​សមុទ្រ​ឥណ្ឌូនេស៊ី​លោក Aan Kurnia បាន​ប្រាប់​អ្នក​កាសែត​ក្នុង​ខែ​ធ្នូ​នេះ​ថា ខាង​ទូក​ល្បាត​របស់​ឥណ្ឌូនេស៊ី​បាន​រក​ឃើញ​ថា នាវា​របស់​ចិន​បាន​សំកាំង​ចម្ងាយ​ប្រមាណ​ ១០គីឡូម៉ែត្រ​ពី​កន្លែង​ខួង​ប្រេង-ឧស្ម័ន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ហ្សាការតា​ប៉ុស្តិ៍។

ឥណ្ឌូនេស៊ី​បាន​ចាប់​ផ្ដើម​ខួង​ប្រេង​នៅ​តំបន់​កោះ​ណាទូណា​នេះ​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​មក ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ខែ​វិច្ឆិកា។ លោក Aan បាន​លើកឡើង​ថា ការ​បញ្ចប់​នេះ​គឺ​ «ប្រកប​ដោយ​ជោគជ័យ»។

កោះ​ណាទូណា​នេះ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ឥណ្ឌូនេស៊ី ដោយ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ១៩៨២ រដ្ឋ​ភាគី​អាច​មាន​សិទ្ធិ​ទាមទារ​យក​ដែនសមុទ្រ​ប្រមាណ ២០០ម៉ាយល៍​សមុទ្រ ឬ ប្រមាណ ៣៧០គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​។

ចំណែក​ឯ​ចិន​វិញ​ចាត់​ទុក​កោះ​នេះ​ស្ថិត​ក្នុង​តំបន់​ខ្សែ​បន្ទាត់ ៩ចំណុច ដែល​ខ្លួន​ទាមទារ​យក​មួយ​ផ្នែក​ធំ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ។

ជាមួយ​គ្នា​នេះ​ដែរ​ ខាង​ឥណ្ឌូនេស៊ី​ក៏​ចាប់​ពង្រឹង​សន្តិសុខ​នៅ​តំបន់​កោះ​ណាទូណា ដោយ​ពង្រីក​វាល​ចុះ​យន្តហោះ ក៏​ដូច​ជា​ចាប់​ផ្ដើម​សង់​នាវា​មុជ​ទឹក​ខ្លួន​ឯង​ទៀត​ផង។ បន្ថែម​ពី​លើ​នេះ​ទៀត​ ឥណ្ឌូនេស៊ី​បាន​សហការ​ជាមួយ​អាមេរិក ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងកម្លាំង​ឆ្មាំ​សមុទ្រ​នៅ​ទីនោះ​ផង​ដែរ។

យ៉ាងណាមិញ ឥណ្ឌូនេស៊ី​ក៏​មិន​បែរ​ខ្នង​ពី​ស្រុក​ចិន​ទេ ដោយ​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​នេះ បាន​ជួប​ជាមួយ​សមភាគី​ចិន ក្នុង​គោលបំណង​កសាង​ភាព​ទុក​ចិត្ត​គ្នា​ទៅ​លើ​បញ្ហា​នេះ៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner