តុលាការមីយ៉ាន់ម៉ាពន្យារពេលក្នុងការចេញសាលក្រមក្នុងការដាក់ទោស អ៊ុងសាន ស៊ូជី
តុលាការពិសេសមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទកន្លងទៅបានធ្វើការពន្យារពេលក្នុងការចេញសាលក្រមក្នុងការដាក់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ក្នុងបទល្មើសចំនួន ២ ដែលពាក់ព័ន្ធនឹងការនាំចូលវិទ្យុទាក់ទង ដោយមិនគោរពតាមនីតិវិធីនៃច្បាប់នាំចេញ-នាំចូលរបស់មីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
សារព័ត៌មានខាងលើបានចុះផ្សាយថា តុលាការនឹងធ្វើការប្រកាសពីសាលក្រមនេះនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ ប្រភពអ្នកច្បាប់ដែលបានប្រាប់សារព័ត៌មាន AP បានឱ្យដឹងថា ខាងតុលាការមិនបានបញ្ជាក់ពីមូលហេតុពាក់ព័ន្ធនឹងការពន្យារនេះទេ។
អ្នកស្រីស៊ូជី ត្រូវបានកាត់ទោសចំពោះបទល្មើសចំនួន ២ហើយ កាលពីដើមខែធ្នូកន្លងទៅ ដោយតុលាការកាត់ទោសឱ្យអ្នកស្រីជាប់ពន្ធនាគារចំនួន ៤ឆ្នាំ។ ប៉ុន្មានម៉ោងក្រោយពីតុលាការចេញសាលក្រម លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ាបានធ្វើការបន្ធូរបន្ថយទោសមកសល់ ២ឆ្នាំ ហើយបង្គាប់ឱ្យអ្នកស្រីទទួលទោសនៅក្នុងនិវេសនដ្ឋានរបស់អ្នកស្រី ដែលកំពុងស្នាក់នៅក្នុងរដ្ឋធានីណៃពិដោ។
អ្នកស្រីត្រូវបានជាប់ចោទក្រោមបទល្មើសមិនក្រោម ១០ទេចាប់តាំងពីរឿងល្មើសវិន័យកូវីដ-១៩ រហូតដល់រឿងក្បត់ជាតិ។ ជាមួយនឹងបទល្មើសទាំងអស់នេះ អ្នកស្រីអាចនឹងជាប់ទោសរហូតទៅដល់ ១០០ឆ្នាំឯណោះ៕

ប្រភព៖ AP News