អ.ស.ប សម្ដែងការព្រួយបារម្ភនឹងរបាយការណ៍សម្លាប់ជនស៊ីវិលយ៉ាងឃោរឃៅកាលពីសប្ដាហ៍មុន
មន្ត្រីអង្គការសហប្រជាជាតិមួយរូបនិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍នៅមីយ៉ាន់ម៉ាដែលថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៣៥ នាក់ត្រូវបានសម្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានដុតកម្ទេច ហើយទាមទារឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេត។
លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំថ្កោលទោសឧបទ្ទវហេតុដ៏សោកសៅនេះ និងការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិលនៅទូទាំងប្រទេស[មីយ៉ាន់ម៉ា]។ លោកក៏អំពាវនាវឲ្យមានការស៊ើបអង្កេតហ្មត់ចត់ និងប្រកបដោយតម្លាភាព។
រូបភាពស្ដីពីឧបទ្ទវហេតុ បានចែកចាយក្នុងបណ្ដាញសង្គម បង្ហាញពីគ្រោងរថយន្តដែលឆេះពីរគ្រឿងហើយមានសាកសពឆេះនៅខាងក្នុង នៅក្រុង Hpruso រដ្ឋកេយាហ។ អង្គការសង្រ្គោះកុមារនិយាយថា បុគ្គលិកជនជាតិមីយ៉ាន់ម៉ារបស់ខ្លួនពីរនាក់ត្រូវបានចាប់ខ្លួន ហើយបាត់ស្រមោលឈឹង ប៉ុន្តែរថយន្តរបស់ពួកគេនៅក្នុងចំណោមរថយន្តដែលរងការវាយប្រហារ។
ក្រុមឃ្លាំមើលមួយ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្តីបន្ទោសការវាយប្រហារនេះទៅលើកងទ័ពរដ្ឋាភិបាល។ យោធាមីយ៉ាន់ម៉ានិយាយថា កងទ័ពរបស់ខ្លួនរងការវាយប្រហារនៅទីក្រុង Hpruso កាលពីថ្ងៃសុក្រ បន្ទាប់ពីព្យាយាមបញ្ឈប់រថយន្តចំនួនប្រាំពីរដែលកំពុងបើកបរគួរឱ្យសង្ស័យ។
មីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយកងកម្លាំងការពារប្រជាជន(PDF) ផ្ទុះឡើងនៅទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងរបបយោធា ដែលធ្វើឱ្យមានការឆ្លើយតបយ៉ាងហឹង្សាពីក្រុមយោធា រហូតសម្លាប់មនុស្សជាង ១ ៣០០ នាក់ ។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។

ប្រភព៖ VOA Cambodia