អ.ស.ប៖ ការបិទស្ថាប័នសិក្សាបង្កផលប៉ះពាល់ដល់ចំណូលថ្ងៃអនាគតកុមារ ស្មើនឹង ១៧ ទ្រីលានដុល្លារ
ការបិទស្ថាប័នសិក្សា ដោយសារការរំខានពីជំងឺរាតត្បាត អាចធ្វើឱ្យប៉ះពាល់ដល់ចំណូលកុមារពេញមួយជីវិត ឬ អាចស្មើនឹងទឹកប្រាក់ប្រមាណ ១៧ ទ្រីលានដុល្លារ។ នេះបើតាមឱ្យដឹងពីរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងធនាគារពិភពលោក។
ខណៈពេល ដែលរដ្ឋាភិបាលបានទទូចថា ការបន្សល់ទុកឱ្យសាលារៀនឱ្យបើក គឺជា ‘អាទិភាពទី ១’ ក៏ដោយ ការគំរាមកំហែងដ៏ធំបំផុត ចំពោះវិស័យអប់រំគឺ ប្រសិនបើការកើនឡើងនៅក្នុងករណីនៃវ៉ារ្យ៉ង់ អូមីក្រុង ដែលអាចឆ្លងបានខ្ពស់មានន័យថា អវត្តមានបុគ្គលិក ដោយសារជំងឺ ឬ ការដាក់ឱ្យនៅដាច់ដោយឡែកកាន់តែកើន។
តួលេខចុងក្រោយរបស់ក្រសួងអប់រំនៅអង់គ្លេស (DfE) បានបង្ហាញថា ប្រមាណជា ២,៤ ភាគរយនៃគ្រូបង្រៀន និងថ្នាក់ ដឹកនាំសាលាបាន អវត្តមានពីសាលារៀនក្នុងប្រទេសអង់គ្លេស ដោយសារតែហេតុផលទាក់ទងនឹងកូវីដ-១៩ កាលពីថ្ងៃទី ៩ ខែធ្នូ កើនឡើងពី ២% នៅថ្ងៃទី ២៥ ខែវិច្ឆិកា។
ក្រុមប្រទេសក្នុងប្លុក បានព្រមានថា សាលារៀនទាំងអស់ អាចត្រឡប់ទៅរៀនពីចម្ងាយក្នុងខែ មករា វិញ ខណៈ ដែលមានអ្នកខ្លះជំទាស់ថា គួតែត្រូកំណត់អាទិភាពចំពោះក្រុមកុមារជាក់លាក់ ហើយបើកស្ថាប័នសិក្សាជាធម្មតាវិញ។
គួរបញ្ជាក់ផងដែរថា ចាប់ពីខែមីនា ឆ្នាំ ២០២០ ស្ថាប័នសិក្សាត្រូវបានបិទគ្រប់ប្រទេស បង្កឱ្យកុមារប្រមាណ ១,៦ ពាន់លាននាក់ត្រូវបង្ខំឱ្យសិក្សាតាមរយៈប្រព័ន្ធអនឡាញវិញ។ ជិត ២ ឆ្នាំក្រោយមក ការរំខាននៅតែបន្តទាំងនៅសហរដ្ឋអាមេរិក និងប្រទេសនានា ហើយការរៀនក្រៅម៉ោង ឬការសិក្សាពីចម្ងាយនៅតែបន្តធ្វើឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោក។
នៅក្នុងរបាយការណ៍ថ្មីនេះ អង្គការយូណេស្កូ (UNESCO) ដែលជាស្ថាប័នអប់រំរបស់អង្គការ UN រួមជាមួយនឹងអង្គការយូនីសេហ្វ (UNICEF) និងធនាគារពិភពលោក បានប៉ាន់ស្មានថា តើការរំខានជាច្រើនខែទាំងនេះ អាចមានន័យយ៉ាងណាចំពោះអនាគតកុមារនៅថ្ងៃអនាគត។ សាលារៀន ដែលត្រូវបានបិទ គួបផ្សំគ្នា ជាមួយនឹងសេដ្ឋកិច្ច ដែលជាប់គាំង មិនត្រឹមតែបង្កឱ្យមានផលប៉ះពាល់ដល់ការសិក្សាប៉ុណ្ណោះទេ ហើយថែមទាំងអាចជំរុញឱ្យកុមារខ្លះធ្លាក់ខ្លួនចូលបម្រើលើការងារកម្លាំងក៏មាន។
ដោយសារ ការបិទស្ថាប័នសិក្សា បណ្ដាលឱ្យកុមាររៀនចំណេះជំនាញតិចជាងមុន ដែលបង្កឱ្យពួកគេងាកខ្លួនចេញពីការងារ ដែលតម្រូវការចំណេះជំនាញខ្ពស់ និងមានប្រាក់ឈ្នួលខ្ពស់។ ប្រសិនបើ ពួកគេមិនបានរៀនសងនូវចំណេះជំនាញ ដែលបានបាត់បង់ក្នុងរយៈពេលជិត ២ មកវិញនោះទេ ពួកគេអាចនឹងបាត់បង់ប្រាក់ចំណូលពេញមួយជីវិត។
យោងតាមការប៉ាន់ប្រមាណរបស់ស្ថាប័នខាងលើ ក្រុមកុមារអាចនឹងបាត់បង់ចំណូលសម្រាប់ថ្ងៃអនាគតប្រមាណ ១៧ ទ្រីលានដុល្លារ ជាការកើនឡើងពីការខាតបង់ចំណូលពេញមួយជិវិតប្រមាណ ១០ ទ្រីលានដុល្លារអាមេរិកសម្រាប់តែឆ្នាំ ២០២០ តែឯង។
មុនពេលមានជំងឺរាតត្បាត ពិភពលោកមើលឃើញពីកំណើននៃកុមារ ដែលបានចូលសាលារៀនកាន់តែច្រើន។ ចន្លោះឆ្នាំ ២០០០ និង ២០១៥ ការចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាក្នុងប្រទេស កំពុងអភិវឌ្ឍន៍ បានកើនឡើងពី ៨% ដល់ ៩១%។ អង្គការសហប្រជាជាតិ និងអង្គការពាក់ព័ន្ធ បានបង្វែរការយកចិត្តទុកដាក់របស់ពួកគេពីការបង្កើនចំនួនកុមារ ដែលមិនបានចូលរៀនទាល់តែសោះ ទៅជាការលើកកម្ពស់គុណភាពនៃការអប់រំដែលសិស្សទទួលបានវិញ។
ដើម្បីសម្រេចបានគោលបំណងនេះ អង្គការយូណេស្កូ មានគោលការណ៍សាមញ្ញមួយសម្រាប់លើកកម្ពស់«ការសិក្សារបស់កុមារក្រីក្រ» ថាតើកុមារនៅអាយុ ១០ ឆ្នាំ អាចអានប្រយោគសាមញ្ញ ជាភាសាកំណើតរបស់ពួកគេបានទេ? លោក Borhene Chakroun នាយកផ្នែកគោលនយោបាយ និងប្រព័ន្ធសិក្សាពេញមួយជីវិតរបស់អង្គការយូណេស្កូ បានមានប្រសាសន៍ថា សូម្បីតែមុនពេលជំងឺរាតត្បាតក៏ដោយ កុមារជាងពាក់កណ្តាលនៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម នៅតែមានអាចអានប្រយោគសាមញ្ញ ជាភាសាកំណើតរបស់ខ្លួនមិនបាន។
លោក បានពន្យល់ថា៖ «ជាធម្មតាអ្នក ដែលមិនសម្រេចបាននូវមូលដ្ឋានទាំងនេះ គឺជាអ្នកដែលមានគុណវិបត្តិ មានការរើសអើង ឬមកពីសាវតាសេដ្ឋកិច្ចសង្គមទាប»។
យ៉ាងណាមិញ បើយោងតាមរបាយការណ៍ថ្មី ភាពក្រីក្រ ត្រូវបានគេរំពឹងថានឹងអាចប៉ះពាល់ដល់កុមារទាំងនោះកាន់តែច្រើនឡើង ដោយសារតែជំងឺរាតត្បាត ពោលគឺអាចប៉ះពាល់រហូតដល់ ៧ ក្នុងចំណោម ១០នាក់ឯណ្ណោះ។
ភាពក្រីក្រ បង្កឡើង ដោយគម្លាត និងគុណវិបត្តិនៃការរៀនសូត្រពីចម្ងាយ សូម្បីតែនៅក្នុងប្រទេស ដែលមានបំផុតក៏ដោយ។ លោក Chakroun មានប្រសាសន៍ថា៖ «ប្រទេសភាគច្រើន បានរកឃើញថា សមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងវិបត្តិ ភាពរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធក្នុងលក្ខខណ្ឌនៃការរៀនពីចម្ងាយ និងធនធានគ្រូ ដែលមានជំនាញឌីជីថល និងគរុកោសល្យឌីជីថលគឺនៅខ្វះខាតនៅឡើយ»។
លោក បានបន្តថា បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសដូចជា ម៉ិកស៊ិក ម៉ារ៉ុក និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានកើតឡើងនៅក្នុងប្រទេសបារាំង ដែលគាត់មានមូលដ្ឋាននៅ និងនៅសហរដ្ឋអាមេរិក។ នៅជុំវិញពិភពលោក កុមារពិការ កុមារតូចបំផុត និងកុមារក្រីក្រ មានបញ្ហាច្រើនបំផុតក្នុងការប្រើប្រាស់ ឬទទួលបានអត្ថប្រយោជន៍ពីការរៀនសូត្រពីចម្ងាយ។

ប្រភព៖ NPR