អាស៊ីអាគ្នេយ៍២០២១៖ ការប្រកួតប្រជែងមហាអំណាចកើនឡើង មីយ៉ាន់ម៉ានៅជារឿងចម្បង កូវីដ១៩នៅតែបន្ត
តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២១នេះ ជួបប្រទះនឹងបញ្ហាចម្បងៗជាច្រើនរាប់ពីផ្នែកនយោបាយ-សន្តិសុខ រហូតដល់ផ្នែកសុខភាពសាធារណៈ។ យ៉ាងណាមិញ ក្នុងឆ្នាំនេះដែរ គេក៏សង្កេតឃើញមានវឌ្ឍនភាពមួយចំនួនផងដែរ ជាពិសេសគឺឱកាសក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញដែលជាមូលដ្ឋានសម្រាប់ឆ្នាំ២០២២។
ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិននៅតែជារឿងយ៉ាងតានតឹងមួយ បន្តពីឆ្នាំៗមុន ចំណែកឯវិបត្តិជម្លោះរវាងជនស៊ីវិលនិងយោធាកាន់អំណាចនៅមីយ៉ាន់ម៉ាវិញបង្កជាបញ្ហាថ្មីសម្រាប់តំបន់ ហើយបញ្ហាកូវីដ-១៩វិញនៅតែបន្តដដែល ស្របពេលមានការរាលដាលវ៉ារ្យង់ថ្មី ហៅថាអូមីក្រុង។
ការប្រកួតប្រជែងមហាអំណាចរវាងចិន និងអាមេរិក នៅតែបន្តជាកិច្ចការពិភាក្សារនិងប្រឈមមួយដ៏ធំក្នុងភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍។ ទាំងភាគីរដ្ឋាភិបាលចិន និងរដ្ឋបាលអាមេរិកព្យាយាមធ្វើការដោះស្រាយបញ្ហាក្នុងស្រុកផ្ទាល់ជាមួយនឹងប្រទេសមួយចំនួនធំនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានសាចទឹកដាក់គ្នានៅត្រង់ចំណុចបញ្ហាមួយចំនួនទៀតផង ដែលរួមមានបញ្ហានៅសមុទ្រចិនខាងត្បូង និងបញ្ហានៅតំបន់មេគង្គ។
នៅក្នុងឆ្នាំ២០២១ អាមេរិក និងចិនបង្ហាញពីសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ក៏ដូចជាផ្ដល់ជំនួយទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នានា តាមរយៈរូបភាពផ្សេងៗគ្នាចាប់តាំងពីការឧបត្ថម្ភវ៉ាក់សាំង ក៏ដូចជាការផ្ដល់ជំនួយផ្សេងៗសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញជាដើម។
ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីប្រារព្ធខួប ៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ លោក ស៊ី ជីនភីង បានប្រកាសប្ដេជ្ញាថា ចិនត្រៀមខ្លួនជាស្រេចក្នុងការនាំចូលផលិតផលកសិកម្មពីប្រទេសអាស៊ីអាគ្នេយ៍ក្នុងតម្លៃសរុប ១៥០ប៊ីលានដុល្លារ ក៏ដូចជាត្រៀមខ្លួនក្នុងការផ្ដល់ទឹកប្រាក់ប្រមាណ ១,៥ប៊ីលានដុល្លារទៅកាន់តំបន់នេះ សម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងវ៉ាក់សាំងវិញ បើយោងតាមទិន្នន័យរបស់ទំព័រតាមដានការបែងចែកវ៉ាក់សាំងរបស់ចិន Bridge Beijing ចិនបានផ្ដល់វ៉ាក់សាំងសរុបទៅកាន់អាស៊ីអាគ្នេយ៍សរុប ៩០៦លានដូស ដោយក្នុងនោះ ៨៣២លានដូសតាមរយៈការលក់ និង ៨៨លានដូសតាមរយៈការបរិច្ចាគ។
ចំណែកឯសហរដ្ឋអាមេរិកវិញ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងមក មហាអំណាចមួយនេះហាក់បីដូចជាបញ្ជូនឥស្សរជនជាន់ខ្ពស់គ្រាក់ៗជាច្រើនមកធ្វើដំណើរទស្សនកិច្ចនៅប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឥស្សរជនទាំងនោះរួមមានអ្នកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏ដូចជាអ្នកការទូតជាន់ខ្ពស់នានាមកជាហូរហែ។
ពាក់ព័ន្ធនឹងរឿងជំនួយនានាវិញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោក ចូ បៃដិន ផ្ដល់ទឹកប្រាក់ប្រមាណ ១០២លានដុល្លារអាមេរិក ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិក។ ទឹកប្រាក់ទាំងនេះដែរនឹងប្រើប្រាស់ក្នុងវិស័យនានាដូចជា វិស័យសុខាភិបាល បម្រែបម្រួលអាកាសធាតុ វិស័យអប់រំ និងការលើកកម្ពស់យេនឌ័រជាដើម។
ចំណែកឯរឿងវ៉ាក់សាំងវិញ អាមេរិកគិតត្រឹមខែធ្នូនេះបានបរិច្ចាគវ៉ាក់សាំងតាមរយៈយន្តការទ្វេភាគី និងតាមយន្តការកូវ៉ាក់មកតំបន់អាស៊ីអាគ្នេយ៍យ៉ាងតិចប្រមាណ ៧០លានដូស។ នេះបើតាមប្រព័ន្ធទិន្នន័យតាមដានមូលនិធិគ្រួសារ Kaiser (KFF)។ យោងតាមស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន អាមេរិកបានបរិច្ចាគទឹកប្រាក់សរុបប្រមាណ ២០០លានដុល្លារដើម្បីជួយប្រទេសអាស៊ានក្នុងប្រឆាំងនឹងកូវីដ-១៩។
ទោះជាយ៉ាងណាក្ដី មហាអំណាចទាំងពីរហាក់បីដូចជាមើលមុខគ្នាមិនសូវចំ ទាក់ទិននឹងបញ្ហាសន្តិសុខនយោបាយតំបន់នានា។ អាមេរិកអះអាងថាខ្លួនឈរនៅជាមួយភាគីអាស៊ីអាគ្នេយ៍ ប្រសិនបើមានការគំរាមកំហែងណាមួយពីសំណាក់ចិននៅតំបន់សមុទ្រចិនខាងត្បូង និងតំបន់មេគង្គ។ ចំណែកឯចិនវិញបានចាត់ទុកថា ការលើកឡើងរបស់អាមេរិកនេះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តំបន់។
យ៉ាងណាមិញ បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាទំនប់វារីអគ្គិសនីនេះជាបញ្ហាដ៏រសើបមួយដែររវាងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួន ដែលជាសមាជិកអាស៊ាន។ នៅក្នុងឆ្នាំ២០២១នេះ មានការប៉ះទង្គិចគ្នាត្រង់ចំណុចមួយចំនួន តែគេក៏សង្កេតឃើញមានពន្លឺនៃដំណោះស្រាយផងដែរ។
ជាក់ស្ដែងការចរចាក្នុងការតាក់តែងក្រមប្រតិបត្តិភាគីសមុទ្រចិនខាងត្បូង (ស៊ីអូស៊ី – COC) បានចាប់ផ្ដើមឡើងវិញនៅខែមិថុនា ឆ្នាំ២០២១នេះ។ ចំណែកឯការចែករំលែកព័ត៌មានពីការបើកទឹក ឬ បិទទឹកនៅទន្លេមេគង្គវិញ ក៏ចាប់ផ្ដើមអនុវត្តខ្លះៗផងដែរ។
ងាកមកមើលស្ថានភាពនៅមីយ៉ាន់ម៉ាវិញម្ដង ប្រមាណ ៨-៩ខែ បន្ទាប់ពីរដ្ឋប្រហារយោធា ភាគីនានានៅក្នុងមីយ៉ាន់ម៉ានៅតែមិនទាន់រកឃើញផ្លូវមកចរចាជាមួយគ្នាបានទេ។ អាស៊ានបានប្រឹងប្រែងតាមវិធីសាស្ត្រនានាតាមរយៈការតែងតាំងប្រេសិតពិសេសរបស់ខ្លួនទៅកាន់មីយ៉ាន់ម៉ា ហើយថែមទាំងមិនអនុញ្ញាតឱ្យប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ចូលប្រជុំកំពូលនៅចុងឆ្នាំនេះទៀតផង។
យ៉ាងណាមិញ លទ្ធផលជាផ្លែផ្កានានាហាក់ដូចជាមិនទាន់ឃើញនៅឡើយ។ លុះនៅខែធ្នូនេះ កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ បានធ្វើការទាក់ទងទៅកាន់រដ្ឋអំណាចយោធាមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាកូតាយោធានៅដើមខែនេះ ហើយលោកខ្លួនឯងផ្ទាល់ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋធានីណៃពិដោ នៅដើមខែមករា ឆ្នាំ២០២២។ ការប្រាស្រ័យទាក់ទងរបស់កម្ពុជានេះគឺជាការស្វែងយល់នូវគោលបំណងរបស់មីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើងរបស់លោក ហ៊ុន សែន នាពេលកន្លងទៅ។
ចំណែកឯរឿងកូវីដ-១៩វិញ នៅឆមាសទី១ ឆ្នាំ២០២១ ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនបានចាប់ផ្ដើមបិទខ្ទប់ទីក្រុងធំៗរបស់ខ្លួន ស្របពេលដែលមានការរីករាលដាលនៃវ៉ារ្យង់ដែលតា។ ចាប់តាំងពីពេលនោះមក ប្រទេសមួយចំនួននាំគ្នាចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួន ដើម្បីឱ្យស្ថានភាពសេដ្ឋកិច្ចសង្គមដំណើរការឡើងវិញ។
នៅខែវិច្ឆិកាឆ្នាំនេះផងដែរ គេសង្កេតឃើញមានពន្លឺនៃការបើកប្រទេសឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលករណីឆ្លងប្រចាំថ្ងៃមានការថយចុះ។ ប្រទេសនានាដូចជាកម្ពុជា និងថៃ បានប្រកាសស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ចំណែកឯម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ីបានធ្វើការបើកព្រំដែនឱ្យគ្នាទៅវិញទៅមកជាដំណាក់កាលៗ។
យ៉ាងណាក៏ដោយ ការរាលដាលនៃវ៉ារ្យង់អូមីក្រុងនៅចុងឆ្នាំ២០២១នេះ បានហើយនឹងបង្កជាកត្តាគំរាមកំហែងដល់ដំណើរការបើកប្រទេសឡើងវិញ វាផ្ដល់ផលប៉ះពាល់ជាពិសេសវិស័យទេសចរណ៍របស់ខ្លូនផងដែរ៕

ប្រភព៖ RFA