ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី៩ ធ្នូ ២០២១ ដល់ ថ្ងៃទី៤ មករា ២០២២ (Video Inside)
ការព្យាករណ៍អាកាសធាតុក្នុងប្រទេសកម្ពុជានៅក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ បានបង្ហាញថា នឹងមិន មានការធ្លាក់ភ្លៀងចុងឆ្នាំដូចធ្លាប់មានសប្តាហ៍មុននោះទេ, ចំណែកអាកាសធាតុ ក៏មិនទាន់ឈានដល់សីតុណ្ហ ភាពក្តៅខ្លាំងដែរ។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម កម្ពុជាក្នុងសប្ដាហ៍ទៅមុខទៀតនេះ នឹងទទួល រងឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
យោងតាមការព្យាករណ៍ដដែល រវាងពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២, បណ្តា ខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមារវាងពី១៨ដល់២០អង្សាសេ ដែលជាសីតុណ្ហភាព កើន២អង្សាសេមកវិញ បើប្រៀបធៀបនឹងសប្ដាហ៍មុន ។ ចំណែកសីតុណ្ហភាពអតិបរមា នឹងមានរវាងពី២៨ដល់ ៣០អង្សាសេ ដែលជាសីតុណ្ហភាពកម្ដៅកើនមកវិញចំនួន៤អង្សាសេ ។ តាមការព្យាករណ៍តំបន់ទំនាបកណ្តាល ទាំងនេះ នឹងមានអាកាសធាតុត្រជាក់លាយឡំជា មួយនិងខ្យល់រដូវបក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ, សីតុណ្ហភាពអប្បបរមា គឺមានរវាងពី១៦ដល់១៨ អង្សាសេ ,ដែលសីតុណ្ហភាពអប្បបរមានេះ បានកើនកម្ដៅមកវិញ ១អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន, ចំណែកសីតុណ្ហភាពអតិបរមា គឺមានរវាងពី២៧ដល់២៩ អង្សាសេ ដែលកើនឡើងសីតុណ្ហភាពកម្ដៅចំនួន ៣អង្សាសេ។ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានអាកាសធាតុត្រជាក់ លាយឡំជាមួយ នឹង ខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ១៩ដល់២១ អង្សាសេ ដែល កើនកម្ដៅមកវិញចំនួន២អង្សាសេ បើធៀបនឹងសប្ដាហ៍កន្លងទៅ។ ចំណែកសីតុណ្ហភាពអតិបរមា គឺមានរវាងពី ២៨ដល់៣០អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហកម្ដៅនឹងកើនឡើងចំនួន២អង្សាសេ ។ ការព្យាករណ៍តំបន់នេះ នឹងមានអាកាសធាតុត្រជាក់ លាយឡំនិងខ្យល់រដូវបក់ ក្នុងកម្រិតមធ្យម ។ ទន្ទឹម នោះ រលកសមុទ្រក៏មាន កម្ពស់ជាមធ្យមផងដែរ ។