ប្រមុខការពារជាតិអាមេរិកបញ្ជាអោយនាវាផ្ទុកយន្តហោះចម្បាំងបន្តស្ថិតនៅសមុទ្រមេឌីទែរ៉ាណេ ចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន
វ៉ាស៊ីនតោន៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះចម្បាំងបន្តនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ស្ថិតក្នុងគោលបំណងធានាសុវត្ថិភាពដល់សម្ព័ន្ធមិត្តអឺរ៉ុបឡើងវិញ ចំពេលមានការព្រួយបារម្ភថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះចម្បាំង USS Harry S Truman ស្នាក់នៅក្នុងតំបន់ និងផ្អាកការធ្វើដំណើរតាមកាលវិភាគរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា។ លោកបន្តថា ការផ្លាស់ប្តូរកាលវិភាគរបស់នាវានេះ និងនាវាចម្បាំងអាមេរិកចំនួន ៥គ្រឿងដែលអមដំណើរវា បានឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់វត្តមានជាប់លាប់នៅក្នុងទ្វីបអឺរ៉ុប។ បើតាមមន្ត្រីការពារជាតិអាមេរិកមួយរូប វាចាំបាច់ណាស់ត្រូវធានាសុវត្ថិភាពដល់សម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា ចំណាត់ការនេះបានកើតមានឡើង បើទោះបីជាមានកិច្ចព្រមព្រៀងដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីជួបពិភាក្សាគ្នានៅថ្ងៃទី១០ ខែមករា ឆ្នា២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្តីពីភាពតានតឹង រួមទាំងបញ្ហាជុំវិញស្ថានការណ៍នៅអ៊ុយក្រែន៕ ប្រភព៖ CNA



