សហរដ្ឋអាម៉េរិកប្រគល់មូលដ្ឋានទ័ពចំនួន០៤កន្លែងឲ្យទៅកូរ៉េខាងត្បូង គ្រប់គ្រងវិញ
សហរដ្ឋអាម៉េរិក៖ នៅថ្ងៃពុធម្សិលមិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រគល់មូលដ្ឋានទ័ពចំនួន០៤កន្លែងទៀតឲ្យទៅរដ្ឋាភិបាលក្រុងសេអ៊ូលគ្រប់គ្រងវិញ នេះបតាមក្រសួងការបរទេសកូរ៉េខាងត្បូង ។

ការប្រគល់មូលដ្ឋានទ័ពទាំងនេះ គឺជាផ្នែកនៃផែនការរុះរើទីតាំងរបស់កងកម្លាំងយោធាដែលឈរជើងនៅកូរ៉េខាងត្បូង ដើម្បីប្រមូលម្តុំកងទ័ពរបស់ខ្លួនឲ្យស្ថិតក្នុងបន្ទាយធំៗត្រឹមចំនួន០២ គឺមួយនៅទីក្រុងព្យុងតេក និងមួយទៀតនៅទីក្រុងដេគូ ចម្ងាយប្រមាណ៣០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ។

សូមបញ្ជាក់ថា ការប្រគល់មូលដ្ឋានទ័ពខាងលើនេះដែរ បានកើតមានឡើងក្រោយកូរ៉េខាងត្បូង និងអាម៉េរិកបានបើកកិច្ចប្រជុំមួយនៅមូលដ្ឋានទ័ពអាម៉េរិក Camp Humphreys នៅថ្ងៃពុធម្សិលមិញ ពាក់ព័ន្ធកិច្ចព្រមព្រៀងហៅកាត់ថា SOFA ដែលអនុញ្ញាតឲ្យទាហានអាម៉េរិកប្រមាណ២៨.៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូង ។ ក្រោយកិច្ចប្រជុំនោះ សហរដ្ឋអាម៉េរិកក៏បានយល់ព្រមប្រគល់មូលដ្ឋានទ័ពចំនួន០៤កន្លែងឲ្យកូរ៉េខាងត្បូងជាអ្នកគ្រប់គ្រងវិញ ៕ធ.ដ


