ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ​វិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានសម្រេចវិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd) ហៅកាត់ថា CAIC តំណាងដោយលោកឧកញ៉ា ឆារស៍ វ៉ាន់ ជាអគ្គនាយករង និងធនាគារប្រៃសណីយ៍កម្ពុជា តំណាងដោយលោក តូច ចៅចេក ជាប្រធាននាយកប្រតិបត្តិ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ២៨% ត្រូវនឹងទឹកប្រាក់សរុប ៣៧៥លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥%ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើបអូឡាំព្យារ (Olympia)ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លំាងគិតត្រឹមរយៈពេលជាង ៨ឆ្នំាចុងក្រោយនេះ ដោយធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner