រាជរដ្ឋាភិបាលចាត់ទុកការបើកចំហទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា គឺជាកិច្ចការចាំបាច់សម្រាប់ការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងនៅក្នុងការស្វែងរក និងបើកចំហទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលាយ ដោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីនានា ដែលមានជាអាទិ៍ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (ភាគឺកម្ពុជា-ចិន” “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង និង “កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសេប (RCEP)”ជាដើម។

នេះបើយោងតាមឯកសារក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។ ទោះបីជាយ៉ាងនេះក្តី កម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសឱ្យអស់សក្តានុពលពីក្របខណ្ឌសមាហរណកម្មសេដ្ឋកិច្ចទាំងនេះនៅឡើយទេ តាមរយៈការចាប់យកទីផ្សារថ្មីៗដែលនៅសេសសល់ជាច្រើនទៀត ដូចជា៖ រ៉ាស៊ី, អាមេរិកឡាទីន, មជ្ឈិមបូព៌ា, អាហ្វ្រិក, និងប្លុកអឺរ៉ុបខាងកើត ដែលមានភាពអំណោយផល ទាំងផ្នែក នយោបាយការបរទេស, សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជារួម កម្ពុជាត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការចាប់យកឱកាសឱ្យអស់សក្ដានុពលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលមានស្រាប់។ ក្នុងន័យនេះ កម្ពុជាត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះរួមមាន៖ កង្វះយន្តការសម្រួលពាណិជ្ជកម្ម, ត្រួតពិនិត្យ, តាមដាន និងវាយតម្ល, កង្វះព័ត៌មានគ្រប់គ្រាន់អំពីទីផ្សារ, សមត្ថភាពផលិតតាមស្តង់ដារ និងតម្រូវការផ្សេងៗ ជាពិសេសលើអនាម័យ និងភូតគាមអនាម័យ, របាំងបច្ចេកទេសលើពាណិជ្ជកម្ម និងគោលនយោបាយគាំពារសម្រាប់ផលិតករក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងឆ្លើយតបនឹងតម្រូវការលក្ខខណ្ឌក្នុងការនាំចេញ។

កម្ពុជាត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ផ្តល់ព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវពីប្រទេសនាំចូល និងត្រូវបណ្តុះបណ្តាលសមត្ថភាពវិស័យឯកជន ឱ្យពួកគេអាចប្រកួតប្រជែងជាមួយទំនិញនាំចូល ក៏ដូចជាប្រកួតប្រជែងចូលទៅទីផ្សារដែលកម្ពុជា និងប្រទេសសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀតទទួលបានផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner