ធនាគារពិភពលោកវាយតម្លៃថា ឥណ្ឌូណេស៊ីខាតបង់សេដ្ឋកិច្ច៥.២ពាន់លានដុល្លារ ដោយសារភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩នេះ

ឥណ្ឌូណេស៊ី៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅឆ្នាំ២០១៩នេះ បានធ្វើឲ្យប្រទេសឥណ្ឌូណេស៊ី ខាតបង់សេដ្ឋកិច្ចទំហំប្រមាណ៥.២ពាន់លានដុល្លារអាមេរិក នេះបើតាមការវាយតម្លៃរបស់ធនាគារពិភពលោក World Bank ។
ធនាគារពិភពលោកនៅថ្ងៃពុធម្សិលមិញបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីបានខាតបង់ទំហំ៥.២ពាន់លានដុល្លារ ក្នុងនោះ១៥៧លានដុល្លារគឺជាទំហំនៃការបំផ្លិចបំផ្លាញដោយផ្ទាល់ និងជាង៥ពាន់លានដុល្លារទៀតជាការខាតបង់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងដឹកជញ្ជូន ព្រមទាំងបរិស្ថាន ។

ដោយឡែកអាកាសយានដ្ឋានជាច្រើន និងសាលារៀនរាប់រយកន្លែងទាំងនៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាប្រទេសជិតខាងគ្នានោះ កន្លងមកបានបិទដំណើរការជាបណ្តោះអាសន្ន ខណៈមនុស្សជាង៩០ម៉ឺននាក់បានទទួលរងបញ្ហាផ្លូវដង្ហើម ដោយសារផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ ។
ដោយឡែកអង្គការសហប្រជាជាតិក៏បានព្រមានដែរថា ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីបានបង្កហានិភ័យដល់កុមារជិត១០លាននាក់ ដោយសារតែកម្រិតដ៏ច្រើនសម្បើមនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលចូលរួមចំណែកធ្វើឲ្យផែនដីកើនឡើងកម្តៅ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner