កម្ពុជានឹងធ្វើច្បាប់ថ្មីកំណត់អាយុចូលនិវត្ត៍របស់នាយករដ្ឋមន្ត្រី

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន ប្រកាស​ជា​សាធារណ​ថា មុន​ពេល​ចាក​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី សម្ដេច​នឹង​សម្រេច​បំណង​អ្នក​ស្នើ​សុំ គឺ​ធ្វើ​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍​របស់​នាយក​រដ្ឋមន្ត្រី ។

សម្ដេច​តេ​ជោ បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្តីការក្រសួង​ការពា​ជាតិ នា​ថ្ងៃ​ទី​២៩ ធ្នូ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ប្រកាស​ទុក​ឲ្យ​ហើយ នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញពី​នាយក​រដ្ឋមន្ត្រី ខ្ញុំ​នឹង​សម្រេច​បំណង​អ្នក​ដែល​ស្នើ​សុំ​ឲ្យ​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍​របស់​នាយក​រដ្ឋមន្ត្រី ខ្ញុំ​នឹង​ធ្វើ​ជូន ។ ឥឡូវ​អ្នកឯង​ចង់បាន​អាយុ​ប៉ុន្មាន ប្រាប់​មក​ម្ដងទៀត​» ។

សម្ដេច​តេ​ជោ​បាន​បន្ត​ថា ថ្ងៃមុន​សម្ដេច​ឃើញ​គេ​បង្ហោះ​ថា ច្បាប់​សញ្ជាតិ​តែ​មួយ សម្រាប់​គ្រប់គ្រង​ស្ថាប័ន​៤ មិន​សំខាន់​ទេ សំខាន់ គឺ​ច្បាប់​កំណត់​អាយុ និង​អាណត្តិ​នាយក​រដ្ឋមន្ត្រី ។ សម្ដេច​ថា អាណត្តិ​នាយក​រដ្ឋមន្ត្រី អត់​មាន​កំណត់​បាន​ទេ ព្រោះ​ការ​បោះ​ឆ្នោត គឺ​បោះ​ឆ្នោត​រើស​សមាជិក​សភា​មិនមែន​បោះ​ឆ្នោត​ផ្ទាល់​រើស​ប្រធានាធិបតី​ទេ ផ្ទុយ​ទៅ​វិញ គឺ​សភា​ទេ​ដែល​មាន​ជា​អ្នកបោះឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី ។

ទោះបីជា​មិន​បញ្ចេញ​ឈ្មោះ​លោក សម រ​ង្ស៊ី​ក្តី​សម្ដេច​បញ្ជាក់​ថា ៖ រឿង​អ្នក​ណា​ធ្វើ​នាយក​រដ្ឋមន្ត្រី នៅ​ពេល​ណា គឺជា​រឿង​បក្ស​របស់​គេ ។ សម្ដេច​បន្ថែម​ថា ឧទាហរណ៍​ថា បើ​ឆ្នាំ​២០២៣ សម្ដេច​ចាក​ចេញពី​នាយក​រដ្ឋមន្ត្រី​សម្ដេច ទើប​មាន​អាយុ​៧១​ឆ្នាំ គឺ​អត់​អី​ទេ ប៉ុន្តែ​អ្នក​ដែល​កំពុង​ស្នើ​ឲ្យ​ធ្វើ​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍​របស់​នាយក​រដ្ឋមន្ត្រី មាន​អាយុ​៧៣​ឆ្នាំ​ហើយ ។

សម្ដេច​គូសបញ្ជាក់​ថា ពេល​នេះ សម្ដេច​ជា​នាយក​រដ្ឋមន្ត្រី ក្រោយ​ឆ្នាំ​២០២៣ សម្ដេច​ទៅ​ជា​ឪ​នាយក​រដ្ឋមន្ត្រី ហើយ​ដល់​ឆ្នាំ​២០៤០ សម្ដេច​នឹង​ក្លាយទៅជា​ជីតា​នាយក​រដ្ឋមន្ត្រី ។ សម្ដេច​ថា ថ្ងៃមុន​សម្ដេច​បាន​ប្រាប់ ចៅ​សម្ដេច​ម្នាក់​ដែល​កំពុង​រៀន​មហាវិទ្យាល័យ​ក្រៅប្រទេស មក​លេង​ស្រុក ពេល​ហូប​បាយ​ជាមួយ​គ្នា​ថា ២០​ឆ្នាំ​ចៅ​ឯង​ត្រូវ​ប្រជែង​យក​តំណែង​នាយក​រដ្ឋមន្ត្រី ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​ប្រាប់​ទៅ​ចៅ ឲ្យ​ខិតខំ​រៀនសូត្រ យក បណ្ឌិត​ឲ្យ​បាន បើ​មិន​បាន​ថ្នាក់បណ្ឌិត​ទេ គឺ​មិន​ឲ្យ​មក​ស្រុក​វិញ​ទេ ។ នា​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​ថ្លែង​សារ​ទៅ​ជនបរទេស​ទាំងឡាយ​ដែល​មាន​ចេតនា ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ថា បើ​ទោះបី​សម្ដេច​ដកខ្លួន​ចេញ​ឈប់​ធ្វើ​នាយក​រដ្ឋមន្ត្រី ក៏​សម្ដេច​នៅ​ធ្វើ​ជា​ប្រធាន​បក្សនយោបាយ​មួយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​បារម្ភ ព្រោះ​សម្ដេច​នៅ​តែ​ជា ប្រធាន​បក្សនយោបាយ​មួយ គឺ​ប្រធាន​បក្ស​កាន់​អំណាច​នឹង​ក្លាយ​ជីតា​នាយក​រដ្ឋមន្ត្រី ។

សម្តេច​បាន​ឲ្យ​ចៅ​រៀន​យក​បណ្ឌិត​ពី​ស្រុក​គេ ដើម្បី​ប្រកួត​យក​តំណែង​យក​ជា​នាយក​រដ្ឋមន្ត្រី ។សូមរ​ឮ​កថា ការ​ប្រកាស​របស់​សម្ដេច​ពាក់ព័ន្ធ​នឹង​ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​លោក សម រ​ង្ស៊ី សំណូមពរ​ឲ្យ​សម្ដេច​បង្កើត​ច្បាប់​ថ្មី ដែល​កំណត់​អាយុ​ចូល​និវត្តន៍ របស់​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អ្នក​កាន់ តំណែង មុខងារសាធារណៈ​ទាំងអស់ និង​ច្បាប់​កំណត់​អាណត្តិ នាយក​រដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ ៕

ads banner