ក្រសួងព័ត៌មានស្វាគមន៍អ្នកវិនិយោគទន់កូរ៉េមកដាក់ទន់វិនិយោគនៅក្នុងប្រទេសកម្ពុជា
មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មានមានប្រកាសស្វាគមន៍ចំពោះអ្នកវិនិយោគទន់កូរ៉េ ដែលមកសិក្សាស្វែងយល់ ដើម្បីដាក់ទន់រកស៊ីលើវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគទន់កូរ៉េ នាព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន លោក សំម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មានស្វាគមន៍ចំពោះក្រុមហ៊ុន កូរ៉េ ដែលមានបំណងបណ្តាក់ទន់ រកស៊ីនៅក្នុងប្រទេសកម្ពុជា ។
លោកថា មិនថា តែក្រុមហ៊ុនកូរ៉េមកពីប្រទេសកូរ៉េនោះទេ ក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងទៀតក៏ក្រសួងស្វាគមន៍ក្នុងការមកបណ្តាក់ទន់រកស៊ីនៅក្នុងប្រទេសកម្ពុជាដែរពីព្រោះថា ការមកបណ្តាក់ទន់នេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាមួយរដ្ឋាភិបាលផងដែរ ។លោកបន្តថា ការមកសិក្សាស្វែងយល់ពីដំណើការវិនិយោគ និងវិនិយោគនៅកម្ពុជានេះក៏បានធ្វើឲ្យមានការពង្រីកផ្នែកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េ ក៏ដូចជា ប្រទេសផ្សេងទៀតផងដែរ ។
ជាមួយគ្នានោះដែរ ដើម្បីឲ្យក្រុមហ៊ុនដំណើរការរកស៊ីនៅក្នុងប្រទេសកម្ពុជាបានស្រួល លោករដ្ឋលេខាធិការក៏បានស្នើឲ្យភាគីខាងក្រុមហ៊ុនកូរ៉េធ្វើការបំពេញបែបបទទៅតាមច្បាប់របស់ប្រទេសកម្ពុជាដែលមានជាធរមាន ។ ពីព្រោះថា រាល់ការរកស៊ីដាក់ទន់ពីសំណាក់បរទេសនៅកម្ពុជានៅពេលដែលមានការគោរពច្បាប់នឹងធ្វើឲ្យដំណើរទៅដោយរលូន ។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការក៏បានលើកឡើងថា ក្នុងបរិបទជំងឺកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចមានការជួបលំបាកមិនថា នៅកម្ពុជានោះទេ សូម្បីនៅបណ្តាលប្រទេសលើសកលលោកក៏បានជួបវិបត្តិនេះដែរ ។ សម្រាប់នៅកម្ពុជារាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយធ្វើការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដើម្បីផ្តល់ភាពសាំក្នុងការការពារឆ្លងជំងឺកូវីដរហូតដល់បើកដំណើរការប្រទេស និងភ្ញៀវទេសចរណ៍មកទស្សនានៅកម្ពុជាទៀតផង ។
ចំណែកលោកបណ្ឌិត ណា ចុងស៊ិក តំណាងក្រុមហ៊ុនដ៏ធំរបស់កូរ៉េ និងតំណាងក្រុម អ្នកវិនិយោគដែលមកជួបពិភាក្សាបានលើកឡើងថា ការដែលក្រុមលោកមកនេះ គឺដើម្បីសិក្សាស្វែងរកយល់ពីការធ្វើវិនិយោគនៅកម្ពុជា។ ហើយក្រុមហ៊ុកូរ៉េដែលមកបណ្តាក់ ទន់មាន ឈ្មោះថា W&K មានបំណងវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ។
លោកថាក្រុមលោកមានទំនាញផ្នែកព័ត៌មានវិទ្យា ហើយកូរ៉េចង់ឲ្យកម្ពុជាមានភាពជឿនលឿនលើផ្នែកបច្ចេកវិទ្យាឌីជីថលផងដែរ ។ លោកថាក្រុមហ៊ុនលោកមានអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដែលសុទ្ធតែមានបទពិសោធន៍ក្នុងការធ្វើការងារជាច្រើនឆ្នាំមកហើយពាក់ព័ន្ធនឹងវិស័យឌីជីថលនេះ ។ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងថា ក្រុមការងារលោកក៏បានធ្វើការរៀបចំឯកសារទៅតាមអ្វីដែលច្បាប់កម្ពុជាបានកំណត់រួចខ្លះដែរមកហើយ ប៉ុន្តែការមកនេះដើម្បីសិក្សា បន្ថែមទៀតពីនីតិវិធី និងដើម្បីធ្វើការសហការជាមួយបណ្តាក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការទៅរលូន ៕



