មន្ត្រីរុស្ស៊ី និងអាមេរិកនិយាយថា ពួកគេកំពុងសម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយែន
វ៉ាស៊ីនតោន៖ បេសកជនរុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះនិយាយថា មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីទទួលបន្ទុកកិច្ចការអ៊ីរ៉ង់បានជួបប្រជុំគ្នានៅទីក្រុងវីយែន ហើយគណៈប្រតិភូភាគីទាំងពីរបាននិយាយថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនកំពុងសម្របសម្រួលដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
បេសកជនរុស្ស៊ីទទួលបន្ទុកកិច្ចពិភាក្សាអំពីកតិកាសញ្ញានុយក្លេអ៊ែរលោក Mikhail Ulyanov បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា លោកបានជួបគ្នាពីរដងកាលពីថ្ងៃពុធសប្តាហ៍នេះ ជាមួយបេសកជនពិសេសរបស់អាមេរិកប្រចាំប្រទេសអ៊ីរ៉ង់លោក រ៉ូបឺត ម៉ាលី ដោយបង្ហោះរូបភាពរូបលោក និងមន្ត្រីការទូតអាមេរិកអង្គុយនៅតុវែងមួយ។ ក្រសួងការបរទេសអាមេរិក នៅពេលសួរអំពីកិច្ចប្រជុំនោះ បាននិយាយថា ខ្លួនមិនបានពិភាក្សាលម្អិតអំពីការសន្ទនាផ្នែកការទូតនោះទេ។ លោក Mikhail បន្តថា ការពិគ្រោះយោបល់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងគណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្នុងដំណើរការនៃកិច្ចចរចានៅទីក្រុងវីយែន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់វឌ្ឍនភាពឆ្ពោះទៅរកការស្ដារឡើងវិញនូវ JCPOA ដោយសំដៅលើផែនការសកម្មភាពទូលំទូលាយរួមនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង JCPOA ឆ្នាំ២០១៥ បានដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការរឹតបន្តឹងលើសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ពោលគឺមួយឆ្នាំបន្ទាប់ពីលោកបានក្លាយជាប្រធានាធិបតីអាមេរិក។ ក្រោយមកអ៊ីរ៉ង់បានបំពានលើការរឹតបន្តឹងសកម្មភាពនុយក្លេអ៊ែរជាច្រើនរបស់កិច្ចព្រមព្រៀងនេះ៕ ប្រភព៖ Reuters


