ប្រធានាធិបតីអាមេរិក-រុស្ស៊ីនឹងពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូខល ដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខររវាងប្រទេសទាំងពីរ និងស្ថានភាពតានតឹងនៅអឺរ៉ុប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូខលជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអ្នកស្រី Emily Horne បាននិយាយនៅក្នុងសេចក្តីងថ្លែងការណ៍មួយថា មេដឹកនាំកំពូលទាំងពីរនឹងពិភាក្សាលើប្រធានបទជាច្រើន រួមមានទាំងកិច្ចសន្ទនាសន្តិសុខរវាងប្រទេសទាំងពីរ និងស្ថានភាពតានតឹងនៅអឺរ៉ុប។ អ្នកស្រី Horne បន្ថែមថា លោក បៃដិន ក៏បានជជែកជាមួយមេដឹកនាំទូទាំងតំបន់អឺរ៉ុបផងដែរ អំពីស្ថានភាពនៅព្រំដែនអ៊ុយក្រែន ខណៈដែលមន្ត្រីរដ្ឋាភិបាលលោក បៃដិន បានភ្ជាប់ទំនាក់ទំនងជាមួយអង្គការណាតូ សហភាពអឺរ៉ុប និងអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក Dmitry Peskov ការហៅទូរស័ព្ទដើម្បីជួបគ្នារវាងមេដឹកនាំទាំងពីរគ្រោងធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនបានបញ្ជាក់លំអិតទេ។ ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បាននិយាយកាលពីថ្ងៃពុធជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមី ហ្សេឡិនស្គី ដោយបានរំលឹកឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕ ប្រភព៖ CGTN និង Reuters

