អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ៖ ជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលបានធ្វើមុនគេ
ភ្នំពេញ ៖ លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានមានប្រសាសន៍ថ្លែង ប្រាប់ AMS នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ ថា នៅក្នុងសកលលោកនេះ សម្រាប់ថ្នាក់ដឹកនាំកំពូលនយោបាយក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គឺពុំមានកំណត់អាយុទេ តួយ៉ាងដូចជា នៅសហរដ្ឋអាមេរិក និងនៅប្រទេសនានាជាច្រើន ប៉ុន្តែបើសិនជាប្រទេសកម្ពុជា មានការកំណត់អាយុនាយករដ្ឋមន្ត្រីដូចអ្វីដែលសម្តេចបានលើកឡើង គឺជាការមួយដែលល្អ និងជាគំរូដល់ប្រទេសដទៃ ហើយទុកឱកាសលទ្ធភាពសម្រាប់យុវជនអ្នកបន្តវេនជំនាន់ក្រោយ ឬក៏អ្នកមានសមត្ថភាពដើម្បីរួមចំណែកដឹកនាំកសាងប្រទេសនៅក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន។ លោកបានបញ្ជាក់ថា ចំពោះការកំណត់អាយុនាយករដ្ឋមន្ត្រី វាជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលបានធ្វើមុនគេ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី កាលពីថ្ងៃទី២៩ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មុនពេលដែលសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី សម្តេចនឹងបំពេញបំណងសម្រាប់អ្នកដែលចង់ឱ្យមានច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តីចូលនិវត្តន៍ផងដែរ។ សម្តេចថា អាយុនាយករដ្ឋមន្រ្តីចូលនិវត្តន៍ ត្រូវបានកំណត់ត្រឹមអាយុ ៧១ឆ្នាំ ឬ៧២ឆ្នាំ។ ការបញ្ជាក់យ៉ាងដូច្នេះ សម្តេចតេជោឆ្លើយតបនឹងអ្នកដែលចង់ឱ្យសម្តេចកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ដែលបានលើកឡើងដដែលៗ។ សម្តេចថា ការគ្រោងកំណត់អាយុនាយករដ្ឋមន្ត្រីចូលនិវត្តន៍ គឺច្រាស់ទៅអ្នកដែលបានលើកឡើងវិញដែលមានអាយុ៧៣ឆ្នាំទៅហើយនោះ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគណបក្សប្រឆាំងក្លាហានហ៊ានបញ្ចេញបេក្ខជនដែលជាអ្នកបន្តវេនជំនាន់ក្រោយរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា។ ទោះយ៉ាងណាសម្តេចថ្លែងថា ក្រោយឆ្នាំ២០២៣ សម្តេចនឹងក្លាយទៅជាឪរបស់នាយករដ្ឋមន្រ្តី ហើយទៅថ្ងៃអនាគតយូរខាងមុខទៀត សម្តេចក៏នឹងក្លាយទៅជាជីតារបស់នាយករដ្ឋមន្រ្តីតទៅទៀតផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតមួយ ដោយបោះឆ្នោតគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់បក្ស។ ចំណែកសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្ស៕
ដោយៈពលជ័យ