ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាប់គាំងក្នុងសមុទ្រ ចូលចត
អាជ្ញាធរឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ សម្រេចចិត្តអនុញ្ញាតឱ្យទូកដែលដឹកជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១២០ នាក់ និងជាប់គាំងក្នុងសមុទ្រ បន្ទាប់ពីបដិសេធដាច់អហង្ការមិនឱ្យចូល ប៉ុន្តែផ្ដល់ជំនួយជាអាហារ ទឹក ថ្នាំពេទ្យពីលើយន្តហោះ និងអ្នកបច្ចេកទេសដើម្បីជួសជុលទូក។
លោក Armed Wijaya ដែលជាប្រធានក្រុមកិច្ចការជនភៀសខ្លួននៅក្រសួងសម្របសម្រួលនយោបាយ ច្បាប់ និងសន្តិសុខ និយាយថា ការសម្រេចចិត្តនេះធ្វើឡើងដោយសារតែស្ថានភាពធ្ងន់ធ្ងរដែលអ្នកដំណើរ ដែលជាស្ត្រី និងកុមារយ៉ាងច្រើនលើសលប់ជួបប្រទះនៅលើទូក។
លោក Wijaya និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលឥណ្ឌូណេស៊ី សម្រេចចិត្តក្នុងនាមជាមនុស្សជាតិ ដើម្បីទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបច្ចុប្បន្នកំពុងអណ្ដែតនៅក្នុងសមុទ្រក្បែរស្រុក Bireuen [នៃកោះស៊ូមាត្រា]។
កាលពីថ្ងៃអង្គារ អាជ្ញាធរមូលដ្ឋានបដិសេធដាច់អហង្ការដោយថា ពួកគេនឹងរុញទូកត្រឡប់ទៅដែនទឹកអន្តរជាតិវិញ បើទោះបីជាមានការអំពាវនាវពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស ឱ្យទូកបានចូលចុះចតក្ដី។
ទូករបស់ជនជាតិរ៉ូហ៊ីងយ៉ា អណ្ដែតប្រហែល ១៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រឥណ្ឌូនេស៊ី ប៉ុន្តែក៏មានអ្នកនេសាទក្នុងតំបន់ជួយផ្ដល់ស្បៀងឱ្យទៅដល់ពួកគេ។ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និយាយកាលពីថ្ងៃអង្គារថា ទូករបស់ជនជាតិរ៉ូហ៊ីងយ៉ាបានលេចធ្លាយ ម៉ាស៊ីនក៏ខូច ហើយអាចប្រឈមនឹងហានិភ័យនៃការលិច ដែលជាបញ្ហាស្លាប់រស់។
ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ិស្លាមជាង ៧ សែននាក់ បានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែសចាប់តាំងពីខែសីហាឆ្នាំ ២០១៧ នៅពេលដែលយោធាមីយ៉ាន់ម៉ាបើកប្រតិបត្តិការបោសសម្អាតដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមឧទ្ទាម។
ពួកគេព្យាយាមចាកចេញពីជំរុំជនភៀសខ្លួនអ.ស.ប ក្នុងប្រទេសបង់ក្លាដែស រួចធ្វើដំណើរតាមសមុទ្រដែលប្រកបដោយគ្រោះថ្នាក់ទៅកាន់ប្រទេសដែលមានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើនក្នុងតំបន់។ ម៉ាឡេស៊ី គឺជាគោលដៅមួយសម្រាប់ពួកគេ ខណៈពេលដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើនដែលចូលទឹកដីម៉ាឡេស៊ីក៏ប្រឈមមុខនឹងការឃុំខ្លួនផងដែរ។

ប្រភព៖ ABC News