បណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សារជូនសមរង្ស៊ីជាលើកទី២ (Video Inside)
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើសារលិខិតជាលើកទី២ ដោយដាស់តឿនអ្នកនយោបាយចាស់វស្សា សម រង្ស៊ី គួរដល់ពេលចូលសម្រាក និងគួរតែបញ្ចេញយុវជនបន្តវេន របស់ខ្លួន ដើម្បីមកប្រកួតប្រជែងជាមួយរូបលោក។
ប្រសាសន៍របស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្រោយ រយៈពេល៤៨ម៉ោង ដែលសមរង្ស៊ីមិនហ៊ាន ហើបមាត់តទល់ជុំវិញការចោទប្រកាន់អំពីសញ្ញាបត្ររបស់បណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ។ សារជាលើកទី២ របស់លោកហ៊ុនម៉ាណែតដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថ្ងៃ ទី៣០ធ្នូនេះ បានសរសេរចំអកឱ្យអ្នកនយោបាយចាស់វស្សានោះថាសមរង្ស៊ីនោះគឺ គ្មានភាពក្លាហានតតាំងនឹង ការបបួលភ្នាល់ជាមួយក្មេងឡើយ។
សារលិខិតចំហរដដែលបន្តថា «ភាពស្ងាត់ស្ងៀមរបស់ សម រង្ស៊ី បែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថា លោក សម រង្ស៉ី មិនហ៊ានចេញមកភ្នាល់ជាមួយនឹង ហ៊ុន ម៉ាណែត ដើម្បីការពារអំណះអំណាងរបស់គាត់នោះទេ ព្រោះ គាត់ដឹងថា គាត់និយាយគ្មានមូលដ្ឋានច្បាស់លាស់»។
សារលិខិតរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរជម្រុញទៀតថាបើ សម រង្ស៊ី នោះ មិនហ៊ានចេញមុខតតាំងនោះទេ, អ្នកនយោបាយចាស់វស្សានោះ គួរតែ «មានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនរបស់ខ្លួន ដើម្បីមកប្រកួតប្រជែងជាមួយរូបលោក។ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានសេសេរដាស់តឿនអ្នក នយោបាយដ៏ឯកោនេះទៀតថា ល្មមដល់ពេលសម្រាកហើយ និងត្រូវទុកឱកាសឱ្យយុវជនជំនាន់ក្រោយបាន លូតលាស់ផង។
សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីដែលសាកសួរកាលពីថ្ងៃទី២៥ធ្នូឆ្នាំ២០២១ថាតើគាត់មាន រកអ្នកបន្តវេនដែរឬទេ? សម រង្ស៊ី មិនបានបញ្ជាក់នូវចម្លើយច្បាស់លាស់ថាយុវជនត្រូវបន្តវេននោះជាអ្នកណាទេ ដែលចម្លើយមិនច្បាស់លាស់នោះត្រូវគេចាត់ទុកថាលោកគ្មានទស្សនៈវិស័យចំពោះការរៀបចំទុកដាក់គណបក្ស ក្នុងដំណើររៀបចំទៅមុខនោះឡើយ។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិតែងនិយាយថា សម រង្ស៊ី ជាមនុស្សតែង តែអួតអាងអំពីខ្លួនឯង និងតែងគិតខ្លួនឯងថាជាមនុស្សចេះជាងគេ និងសមរង្ស៊ី មិនដែលទទួលស្គាល់អ្នកណា មានសមត្ថភាពដូចខ្លួនឯងឡើយ ដែលចំណុចនេះហើយគឺជាចំណុចដែល គណបក្សប្រឆាំងមិនអាចធ្វើដំណើរ ប្រកួតប្រជែងបានឡើយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសារលើកទី២របស់លោកថ្ងៃទី៣០ធ្នូ បានសរសេរចាត់ទុក សម រង្ស៊ី ជាសត្វក្របីចាស់មួយ ។ សារសរសេរសួរថាតើលោក សម រង្ស៊ី មានភាពក្លាហាន និងឆន្ទៈនយោបាយគ្រប់គ្រាន់ទេ? ឬលោកនៅតាំងខ្លួន ជាក្របីចាស់ ដែលចង់ជល់ជាមួយនឹងកូនក្របី?