ប្រេសិតពិសេសអាស៊ាន និងប្រេសិតពិសេសអង្គការសហប្រជាជាតិ យល់ស្របគ្នាលើវិធីដោះស្រាយ មីយ៉ាន់ម៉ា (Video Inside)

ប្រេសិតពិសេសអាស៊ាន និងប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា បានឯកភាពគ្នា ថាការដោះស្រាយបញ្ហាបញ្ចប់ហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែមានការចូលរួមពីប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ បានប្តេជ្ញាការពង្រឹងអាស៊ានឱ្យមានសម្លេង១០សាឡើងវិញ ដោយមិនទាត់ចោលប្រទេសមីយ៉ាន់ម៉ាឡើយ។

ការឯកភាពគ្នារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសអាស៊ានជាមួយនឹង លោកស្រី ណូអេលីន ហៃហ្សើ ដែលជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលើបញ្ហា មីយ៉ាន់ម៉ានេះ បានធ្វើឡើងបន្ទាប់ពីមានជំនួបអនឡាញមួយកាលពីថ្ងៃទី២៨ធ្នូឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ណូអេលីន ហៃហ្សើ បានឯកភាពគ្នាថា «ដំណើរការ នយោបាយណាមួយក៏ដោយ ដើម្បីឈានឆ្ពោះបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយ មីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់ មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានដោយជោគជ័យ»។ 

លោក ប្រាក់ សុខុន ក្នុងជំនួបតាមប្រព័ន្ធអនឡាញ បានប្រាប់មន្ត្រីអង្គការសហប្រជាជាតិជុំវិញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រកាន់យកនូវវិធីសាស្ត្រស្របតាម ការជាក់ស្តែង និងជាជំហានៗសម្តៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច របស់អាស៊ាន។

ភាគីទាំង២ ថ្លែងសង្កត់ធ្ងន់ផងដែរ លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបត្តិការដើម្បីធានាការ បញ្ចូលឱ្យបានឆាប់រហ័សនិងដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុតរួម ទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner