ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវឱ្យកងទ័ពត្រូវប្តូរផ្ដាច់ការពាររាជានិយម រាជបល្ល័ង្ក ព្រះមហាក្សត្រ

ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវប្តូរផ្ដាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្ដួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ។

ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២២។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពល ទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំ នៃទីស្ដីការក្រសួងការពារជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្របពេលនឹងខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ី វិលនៅកម្ពុជា ក្នុងខ្លឹមសារថា៖ “កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន ៣ គឺ ជាតិ សាសនា ព្រះមហា ក្សត្រ ដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវប្តូរផ្ដាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្ដួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ។

ជាមួគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃ និងសមិទ្ធផលធំ ធេងជាច្រើន ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារសម្រេចបាន ដោយជម្នះគ្រប់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺកងទ័ពតែងតែវត្តមានចុះជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋដោះស្រាយវិបត្តិយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាន ខណៈដែលភារកិច្ចស្នូលរបស់កងទ័ពក៏នៅតែត្រូវបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត។

ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតចាប់តាំងពីការផ្ទុះករណីដំបូងនៅក្នុងប្រទេស ការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ ការគ្រប់គ្រងការឆ្លងចូលក្នុងសហគមន៍ រហូតដល់ការបង្កើតបានភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែលសម្រេចបានជោគជ័យគួរជាទីមោទនៈ ហើយមកដល់បច្ចុប្បន្ននេះ ជាដំណាក់កាលនៃការបើកប្រទេសឡើងវិញលើ គ្រប់វិស័យដើម្បីស្តារផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ក៏កងទ័ពបាននិងកំពុងបន្តចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ។ ជាការពិតណាស់ ជោគជ័យ និងសមិទ្ធផលទាំងអស់នេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពីការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ ម្ចាស់ការច្នៃប្រឌិត គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំក្នុងជួរបញ្ជាការគ្រប់ស្ថាប័ន-កងឯកភាព ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner