ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំថ្មី ២០២២ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង មានចំនួនសរុបជាង ៧ម៉ឺននាក់

នៅក្ក្នុងថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២១ឈានចូលឆ្នាំ២០២២នេះ ទោះបី នៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង មិនមានរៀបចំនូវពិធីកំសាន្តផ្លូវការណាមួយពីអាជ្ញាធរក៏ដោយ។ប៉ុន្តែនៅតាមទីសួនច្បារសាធារណៈប្របដងស្ទឹងសង្កែទាំងនៅត្រើយខាងកើត និងត្រើយខាងលិចយ៉ាងហោចណាស់ក៏មានមនុស្សរាប់ម៉ឺននាក់បានដើរលេងយ៉ាងកកកុញនៅតាមសួនច្បារ បាននាំគ្នាដុតគោមបង្ហោះលេងតាមចំណង់ចិត្ត។ ដោយឡែកនៅសួនច្បារនាគសន្តិភាព និងនៅតាមវិថីម្ហូបអាហារ ក្នុងទីប្រជុំជនក្រុងបាត់ដំបង បងប្អូនភាគច្រើននាំគ្នាហូបចំណីអាហារតាមមាត់ស្ទឹង និង អង្គុយលេង ហូបចំណីអាហារវេចខ្ចប់តាមទីសួន។

លោក ហម អរុណ ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ពីសកម្មភាពស្ថានភាពទូទៅ និងចំនួនភៀវទេសចរ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១និងឈានចូលឆ្នាំ២០២២ នៅក្នុងខេត្តបាត់ដំបង ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅថ្ងៃទី៣១ខែធ្នូ២០២១និងថ្ងៃទី០១ ខែមករាឆ្នាំ២០២២ មានចំនួនភ្ញៀវទេសចរ សរុប ៧៣.០០៩នាក់ កើនឡើង៣៦២,២៦%បើប្រៀបធៀបឆ្នាំ២០២១គឺមានភ្ញៀវទេសចរសរុបប្រមាណ១៥.៧៩៤នាក់។ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិ ៧២.៨៨៩នាក់ កើនឡើង
៣៦២,០៨% បើប្រៀបធៀបឆ្នាំ២០២១មានចំនួនតែ ១៥.៧៧៤ នាក់។ និង ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)សរុប១២០នាក់កើនឡើង៥០០% ប្រៀបធៀបនិងឆ្នាំ២០២១មានតែចំនួន២០នាក់។ ហើយភ្ញៀវពេលរាត្រី មានចំនួនសរុប ៥.០០០នាក់ ភ្ញៀវជាតិ ចំនួន៤.៩៥០នាក់ និងភ្ញៀវអន្តរជាតិ(ទេសចរផ្ទៃក្នុង) ចំនួន៥០នាក់។

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានមកកម្សាន្តលេងក្នុងទីក្រុងបាត់ដំបង គឺភាគច្រើនបាននាំគ្នាជូបជុំ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន រីសត តាមមណ្ឌលកម្សាន្ត តាមសួនច្បារសាធារណៈនានាក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង។ហើយនៅតាម ភោជនីយដ្ឋាន អាហារដ្ឋាននិងមណ្ឌលកម្សាន្តនានា បានទទួលភ្ញៀវពេញគ្រប់កន្លែង។

លោក ហម អរុណ ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ហាក់ពីការកង្វល់និងការប្រឈម ដោយសារបងប្អូនចូលរួមដើរលេងកម្សាន្ត មានការខ្វះចន្លោះពីការពារការរីករាលដាលនៃជំងឺកូវីដ-19 ដោយមិនបានពាក់ម៉ាស់ និងមិនយកចិត្តទុកដាក់ពីការរក្សា នូវគម្លាតសុវត្ថិភាព។ សមត្ថភាពផ្ទុកអតិបរមា របស់ មូលដ្ឋានអាជីវកម្មមួយចំនួនត្រូវបានកាត់បន្ថយ។ដែលកត្តាទាំងនេះ បានធ្វើឱ្យការប្រមូលផ្គុំមនុស្សនៅទីប្រជុជន ទីសាធារណៈ មានការកកកុញច្រើន។ហើយការអនុវត្តនូវវិធានសុវត្ថិភាព គឺមិនអាចអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមសួនច្បារសាធារណៈទាំងនោះបានឡើយ។

លោក ប្រធានការិយាល័យផែនការ វិនិយោគ និង អភិវឌ្ឍន៍ផលិតផលទេសចរណ៍ ខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ចំនួនរបស់ភៀវទេសចរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២នេះ ភាគច្រើនគឺភ្ញៀវបានទៅកម្សាន្តនៅតាមតំបន់គោលដៅទេសចរ និងនៅតាមទីតាំងរមណីយដ្ឋានធម្មជាតិនិងអេកូទេសចរណ៍ របស់ខេត្តបាត់ដំបង ដែលជាគោលដៅក្នុងការទាក់ទាញដល់ភ្ញៀវទេសចរ ទាំងនៅក្នុងខេត្តនិងក្រៅខេត្ត ដែលមានទីតាំងសរុប ចំនួន ២៣កន្លែង ។

តាមការគូសបញ្ជាក់ពី លោក អ៊ុច អ៊ុភីនីស្សារ៉ាប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងផងដែរថា៖ នៅតាមតំបន់គោលដៅទេសចរណ៍ និងនៅតាមបណ្តារមណីយដ្ឋានទេសចរណ៍ធំ-តូចមួយចំនួនក្នុងខេត្ត ត្រូវបានភ្ញៀវទេសចរក្នុងស្រុក នាំគ្នាកក់តង់ ដើម្បីសម្រាកកម្សាន្ត ក្នុងពេលរាត្រីនៃថ្ងៃឆ្លងឆ្នាំ ជាច្រើនហូរហចាប់តាំងពី២សប្តាហ៍មុនមកម៉្លេះ?។ក្នុងនោះរមណីយដ្ឋាន ចំនួន ០៦កន្លែងត្រូវបានភ្ញៀវកក់កន្លែងដើម្បីសម្រាកកម្សាន្តបោះតង់ និងឆ្លងឆ្នាំថ្មី ឆ្នាំសកល ក្នុងនោះ រួមមានរមណីយដ្ឋានចំការស្វាយ, រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន, រមណីយដ្ឋានចំការធុរេនអូរតង,រមណីយដ្ឋានខេមសាយ,សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និង សហគមន៍អេកូទេសចរណ៍ ព្រែកទាល់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner