មនុស្សស្លាប់៦នាក់ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ អាជ្ញាធរក្រុងញូជើស៊ី បានអះអាងថា មានមនុស្ស៦នាក់ ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យ២នាក់ត្រូវបានសម្លាប់ ដោយសារករណីបាញ់ប្រហារគ្នាដ៏កក្រើកមួយរវាងប៉ូលិស និង ខ្មាន់កំាភ្លើងកាលពីរសៀលថ្ងៃអង្គារម្សិលមិញ (ម៉ោងក្នុងតំបន់) ។

បើតាមមេប៉ូលិសក្រុងញូជើស៊ីលោក ម៉ៃឃើល ខេលលី ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចចំនួនពីរ ដោយចាប់ផ្តើមនៅទីបញ្ចុះសពមួយកន្លែង ដែលមន្ត្រីប៉ូលិសម្នាក់ត្រូវបានបាញ់សម្លាប់ និង បន្តនៅឯផ្សារទំនើបមួយកន្លែង ដែលគេរកឃើញសាកសព៥នាក់ទៀត ។ ដោយឡែកនាយកសុវត្ថិភាពសាធារណៈក្រុង លោក ជេម សៀ បាននិយាយថាហេតុការណ៍បាញ់ប្រហារខាងលើ នៅពុំទាន់មានព័ត៌មានចង្អុលបង្ហាញថា វាជាការករណីវាយប្រហារភេវរកម្មនោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ។

បើតាមគេហទំព័រ NJ.com ខ្មាន់កាំភ្លើងពីរនាក់ជាបុរស និងស្ត្រី បានបើកការបាញ់ប្រហារនៅខាងមុខផ្សារទំនើប kosher grocery លើហ្វូងមនុស្សដែលកំពុងដើរឆ្លងកាត់ ។ ចំណែកឯប៉ូលិសបានអះអាងថា ការបាញ់ប្រហារបានកើតឡើងនៅពេលមន្ត្រីប៉ូលិសម្នាក់ត្រូវបានបាញ់សម្លាប់ កំឡុងដើរចូលទៅជិតមនុស្សម្នាក់ ក្នុងចំណោមជនសង្ស័យទាំងពីរ ដែលមានពាក់ព័ន្ធនឹងការស៊ើបអង្កេតពីបទមនុស្សឃាត ហើយជនសង្ស័យបានឡើងជិះរថយន្ដចូលក្នុងផ្សារទំនើបខាងលើតែម្ដង៕ធ.ដ
