មនុស្សស្លាប់កើនដល់៦នាក់ របួសធ្ងន់២៥នាក់ និង៨នាក់ទៀតបន្តបាត់ខ្លួន ក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់
អត្ថបទដោយ៖
Kien Sereyvuth
នូវែលសេឡង់៖ បច្ចុប្បន្នមនុស្ស២៥នាក់បាននិងកំពុងស្ថិតក្រោមអាការៈរបួសធ្ងន់ ធ្ងរ បន្ទាប់ពីកើតមានហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏កក្រើកមួយកាលពីថ្ងៃ ចន្ទ ដើមសប្តាហ៍ នេះបើតាមប៉ូលិសនូវែលហ្សេឡង់ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ ពុធ នេះ ។

ជាមួយគ្នានេះ ការកើនឡើងនៃសកម្មភាពញ័ររញ្ជួយលើកោះភ្នំភ្លើង វាយ អាយលែន បានបង្កភាពរាំងស្ទះដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរនូវែលសេឡង់ ក្នុងការស្វែងរកមនុស្ស0៨នាក់ដែលកំពុងបាត់ខ្លួន និងត្រូវគេជឿជាក់ថា បានបាត់បង់ជីវិតហើយ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏អាក្រក់នេះ ។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនៅលើកោះស្ថិតនៅភាគខាងជើងប្រទេសនូវែលសេឡង់នេះ បានធ្វើឱ្យមនុស្ស០៦នាក់ស្លាប់ និង០៨នាក់ទៀតបាត់ខ្លួន ខណៈមនុស្ស៣០នាក់ផ្សេងទៀតក៏បានទទួលរងរបួសផងដែរ ហើយក្នុងនោះ២៥នាក់កំពុងបន្តស្ថិតក្នុងសភាពធ្ងន់ធ្ងរ ៕ធ.ដ


