ប្រេស៊ីលបញ្ជូនកប៉ាល់ និងយន្តហោះយោធា ទៅជួយស្វែងរកយន្តហោះដឹកជញ្ជូនរបស់ឈីលីដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានលើកឡើងនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជូនកប៉ាល់កងទ័ពជើងទឹក និងយន្តហោះយោធាទៅតំបន់អង់តាក់ទិច ដើម្បីជួយជ្រោមជ្រែងដល់ប្រតិបត្តិការស្វែងរកយន្តហោះដឹកជញ្ជូនរបស់ឈីលី ដែលបាននិងកំពុងបាត់ដំណឹងជាមួយមនុស្ស៣៨នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសប្រេស៊ីលក៏បានសម្តែងនូវភាពសាមគ្គីភាព និង កិច្ចសហការយ៉ាងជិតស្និតជាមួយប្រជាជន និងរដ្ឋាភិបាល ព្រមទំាងកងទ័ពអាកាសឈីលី ចំពោះការបាត់ខ្លួនដ៏គួរឱ្យសោកស្តាយនៃយន្តហោះយោធាប្រភេទ C-130 របស់ឈីលីផងដែរ ។

សូមរំលឹកថា យន្តហោះយោធារបស់ឈីលីនេះបានបាត់ដំណឹងនៅកំឡុងម៉ោង៦ល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ក្រោយហោះចាកចេញពីទីក្រុងផាន់ថា អារ៉េណាស់ ស្ថិតនៅភាគខាងត្បូងប្រទេស នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឈីលី ។ ក្នុងចំណោមអ្នកជិះទាំង៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង២១នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ ៕ធ.ដ


