ដើម្បីវែកមុខអ្នកនៅពីក្រោយ ដែលយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ទៅជួលបន្តឲ្យអាជីវករលក់ដូរផ្សេងៗ អាជ្ញាធរសម្រេចដកហូតសម្ភារមករក្សាទុក
ភ្នំពេញ៖ សម្ភារផ្សេងៗមួយចំនួន ដែលក្រុមអាជីវករដាក់តាំងលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ ពេលនេះត្រូវបានចាប់ដកហូតយកមករក្សាទុកបណ្ដោះអាសន្ន ដោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ក្រោយពីទទួលបានការណែនាំពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ។

ការចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ហើយឈានដល់ការដកហូតយកសម្ភារផ្សេងៗពីក្រុមអាជីវករមករក្សាទុក របស់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ខាងលើនេះ ដឹកនាំដោយលោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ សង្កាត់ទួលសង្កែទី១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦២R ពិសេសជំវិញបរិវេណផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។

បើតាមការបញ្ជាក់របស់លោក ចាន់ សារុំ ប្រធានសណ្ដាប់ធ្នាប់សង្កាត់ទួលសង្កែទី១ បានឲ្យដឹងថា មុនសម្រេចចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីរក្សារបៀបរៀបរយ សំខាន់ការរក្សាចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ឲ្យនៅដូចសភាពដើម ស្ថិតតាមបណ្ដោយផ្លូវ៦២Rនេះ គឺអាជ្ញាធរសង្កាត់ បានជូនដំណឹងដល់បង-ប្អូនក្រុមអាជីវករជាបន្តបន្ទាប់ និងរយៈពេល៣ខែមកហើយ តែមិនព្រមស្ដាប់ ទើបឈានដល់ការដកហូតយកសម្ភារផ្សេងៗ មករក្សាទុកដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ឡើយ បន្ទាប់ពីមានការណែនាំយ៉ាងម៉ឺងម៉ាត់ដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ (ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ) ដែលជាផែនការរួមដាក់ចេញដោយសាលារាជធានីភ្នំពេញ។

ប្រធានសណ្ដាប់ធ្នាប់សង្កាត់ទួលសង្កែទី១ បានអះអាងថា មានអាជីវករខ្លះ ក្នុងចំណោមក្រុមអាជីវករជាច្រើន ក្រៅពីបានរំលោភបំពានយកចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មកប្រកបអាជីវកម្មផ្ទាល់ខ្លួន (បើកលាងម៉ូតូ) គឺបានបន្តវាទយកទីតាំងឲ្យកាន់តែធំទូលាយ ដើម្បីជួលបន្តឲ្យអាជីវករផ្សេងៗទៀត ក្នុងមួយទីតាំងតម្លៃចាប់ពី៣០ ទៅ៥០ដុល្លារ ក្នុងមួយខែ សម្រាប់ដាក់តាំងលក់ដូរសម្ភារនានា ដែលបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសអាចមានការយល់ច្រឡំមកលើអាជ្ញាធរ ក៏អាចថាបាន ប្រសិនបើគ្មានវិធានការស្រាវជ្រាវវែកមុខអ្នកនៅពីក្រោយ និងទប់ស្កាត់ឲ្យទាន់ពេលវេលានោះទេ៕ធ.ដ
ដោយ ហាស់ កំសាន្ដ





