ក្រុមអ្នកជំនាញជឿជាក់ថា យន្តហោះយោធាឈីលីផ្ទុកមនុស្ស៣៨នាក់ប្រហែលជាធ្លាក់ក្នុងសមុទ្រទឹកកកដ៏ជ្រៅ និងអាកាសធាតុអាក្រក់ខ្លាំង
ឈីលី៖ អ្នកជំនាញមួយចំនួនបានបញ្ជាក់ថា យន្តហោះយោធាឈីលី C-130 ដែលមានផ្ទុកមនុស្ស៣៨នាក់ទំនងជាបានធ្លាក់នៅលើសមុទ្រទឹកកក ត្រង់ចំណុចច្រកមួយឈ្មោះ ដ្រេក ផាសេច ស្ថិតនៅក្នុងដែនសមុទ្រហូសែស ។

បើតាមអ្នកជំនាញដដែល តំបន់នេះត្រូវបានគេដឹងកន្លងមកថា ជាទីតាំងប្រកប ដោយភូមិសាស្ត្រពិបាក ឬជាបរិស្ថានដ៏ចលាចលមួយនៅលើផែនដី ដែលធ្លាប់មានប្រវត្តិសាស្ត្របង្កគ្រោះមហន្តរាយទៅដល់កប៉ាល់ ឬមួយក៏យន្តហោះមួយចំនួនរួចទៅហើយកាលពីអតីតកាល ។

សូមបញ្ជាក់ថា កងកម្លាំងយោធា និងក្រុមសង្គ្រោះរបស់ឈីលីទាំងផ្លូវទឹក និងផ្លូវអាកាសនៅតែបន្តប្រតិបត្តិការស្វែងរក គិតចាប់តាំងពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីយន្តហោះយោធាប្រភេទ C-130 ផ្ទុកសហសេវិក១៧នាក់ និងអ្នកដំណើរ២១នាក់បានចាកចេញពីទីក្រុងផាន់តាអារេណាស់ កាលពីម៉ោង៤និង៥៥នាទីល្ងាច និងក្រោយមកតែ២០នាទីនៃការហោះចេញ វាបានដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដានៅម៉ោង៦និង១៥នាទីល្ងាច ។ បច្ចុប្បន្នប្រតិបត្តិការសង្គ្រោះរបស់កងកម្លាំងឈីលីនៅតែបន្ត ដោយសង្ឃឹមថា មនុស្សទាំង៣៨នាក់នៅមានជីវិត ៕ធ.ដ


