សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នាព្រឹកនេះ
ភ្នំពេញ៖ នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ បន្ទាប់ពីពួកគេបានបិទបញ្ចប់ការសិក្សាដោយជោគជ័យ។ពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS នៅព្រឹកថ្ងៃនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។

និស្សិតទាំងអស់ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ នៅតាមទីតាំងសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងសាខាតាមខេត្តទាំង៦ រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តកំពត។ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា និងទទួលបានជោគជ័យខ្ពស់លើការបណ្តុះបណ្តាលធនធានបង្កើតនូវ ថាមពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបំពេញតម្រូវការកំណើននិស្សិតដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ សាកលវិទ្យាបានពង្រីកសាខាកាន់តែច្រើនទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

បច្ចុប្បន្នសាកលវិទ្យាល័យឯកទេស នៃកម្ពុជា មានពីរទីតាំងនៅក្នុងរាជធានីភ្នំពេញ និង៦សាខាតាមខេត្ត រួមមាន៖ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពត។ សាកលវិទ្យាល័យមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ ចំនួន ១,២០៥នាក់ ក្នុងនោះនារី ១៩៨នាក់។ សាកលវិទ្យាល័យបាននឹងកំពុងបណ្តុះបណ្តាលលើ ៥មហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច, មហាវិទ្យាល័យ វិស្វកម្ម, និង មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ៕ធ.ដ


