សាលាអន្តរជាតិ CIA First រៀបចំការប្រកួតកីឡាបាល់ទាត់សិទ្ធិមនុស្សលើកទី៩ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស គ្មានការរើសអើងជាតិសាសន៍ សាសនា និងសេដ្ឋកិច្ចសង្គម
ភ្នំពេញ៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួមអបអរសាទរ និង ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់សិទ្ធិមនុស្សលើកទី៩ នៅទីលានលេងកីឡា Goal Sports Club រាជធានីភ្នំពេញ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង២រសៀលនៅថ្ងៃខែឆ្នំាដដែលនេះ ។

ថ្លែងក្នុងពិធីនេះ លោក Andre Struve ដែលជានាយកទទួលបន្ទុកផ្នែករដ្ឋបាលរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សិទ្ធិមនុស្សលើកទី៩នេះ ត្រូវបានរៀបចំឡើងស្ថិតក្នុងគោលបំណងដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស គ្មានការរើសអើងជាតិសាសន៍ សាសនា និងសេដ្ឋកិច្ចសង្គមនោះឡើយ ។

លោក Andre Struve បន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះដែរ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ស្ថាប័នអប់រំ ក្នុងការបណ្តុះនូវផ្នត់គំនិតល្អ តាមរយៈការជំរុញការធ្វើការងារជាក្រុម ក៏ដូចជាការសហការដោយគ្មានការរើសអើងនៅក្នុងសហគមន៍ ។ នាយកទទួលបន្ទុកផ្នែករដ្ឋបាលរូបនេះបានបន្ថែមទៀតថា ព្រឹត្តិការណ៍នៅឆ្នាំនេះ មានការចូលរួមពីសំណាក់កុមារចំនួន៦០០នាក់ មានអាយុចន្លោះពី៦ ទៅ១៨ឆ្នាំ មកពីសាលាអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលចំនួន១០ ។

ក្រៅពីនេះក៏នឹងមានការចូលរួមពីក្រុមហ៊ុនដៃគូផងដែរ ដែលរួមមាន GA Aircon, GA Construction, Monument Books and Toys និង Roomchang Dental Clinic។ ឆ្លៀតក្នុងឱកាសនោះដែរ តាងនាមអោយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ លោក Andre Struve បានអះអាងថា យើងប្តេជ្ញារួមគ្នាបង្កើតឲ្យមានបរិយាកាសដែលប្រកបដោយភាពរីករាយ ដើម្បីគាំទ្រដល់ការរីកចម្រើនគ្រប់ជ្រុងជ្រោយរបស់កុមារ ៕ធ.ដ





