អ្នកនាំពាក្យចិន៖ សហគ្រាសដែលផ្តល់មូលនិធិដោយតៃវ៉ាន់នៅប្រទេសចិនដីគោកអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀង RCEP
តៃប៉ិ៖ អ្នកនាំពាក្យរបស់ប្រទេសចិនដីគោកបាននិយាយថា សហគ្រាសដែលផ្តល់មូលនិធិដោយតៃវ៉ាន់នៅលើទឹកដីគោករបស់ចិន អាចទទួលបានយ៉ាងពេញលេញនូវច្បាប់អនុគ្រោះនៃប្រភពដើម និងពន្ធគយ ក្រោមភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋលោក Zhu Fenglian បានធ្វើការកត់សម្គាល់បែបនេះ នៅពេលឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលកិច្ចព្រមព្រៀង RCEP នឹងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសដែលផ្តល់មូលនិធិដោយតៃវ៉ាន់នៅលើទឹកដីប្រទេសចិន។ RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកបានចូលជាធរមាននៅថ្ងៃដំបូងនៃឆ្នាំ 2022 សម្រាប់សមាជិកអាស៊ានចំនួនប្រាំមួយគឺប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ និងវៀតណាម និងរដ្ឋហត្ថលេខីមិនមែនអាស៊ានចំនួនបួន មានដូចជាចិន ជប៉ុន នូវែលសេឡង់ និងអូស្ត្រាលី។ យោងតាមកិច្ចព្រមព្រៀង RCEP ជាង ៩០ភាគរយនៃការធ្វើពាណិជ្ជកម្មទំនិញក្នុងចំណោមសមាជិក នៅទីបំផុតនឹងត្រូវទទួលនូវពន្ធសូន្យ។ លោក Zhu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា ចិនដីគោកតែងតែគាំទ្រ និងស្វាគមន៍សហគ្រាសដែលផ្តល់មូលនិធិដោយតៃវ៉ាន់មកបណ្តាក់ទុននៅលើទឹកដីប្រទេសចិន។
យោងតាមអាជ្ញាធរហិរញ្ញវត្ថុរបស់កោះតៃវ៉ាន់បានបញ្ជាក់ថា ការនាំចេញរបស់តៃវ៉ាន់ទៅកាន់ចិនដីគោក និងតំបន់រដ្ឋបាលពិសេសហុងកុងមានចំនួនសរុបខ្ពស់បំផុតរហូតដល់ ១៨៨.៩១ពាន់លានដុល្លារក្នុងឆ្នាំ 2021 ដែលស្មើនឹង ៤២.៣ភាគរយនៃការនាំចេញសរុបរបស់ខ្លួនក្នុងឆ្នាំ 2021។ លោក Zhu បានបន្ថែមថា ទិន្នន័យបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ពឹងផ្អែកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្លងច្រកសមុទ្រ ហើយវានឹងជារឿងមិនសមហេតុផល និងឥតប្រយោជន៍ក្នុងការប៉ុនប៉ងជ្រៀតជ្រែក និងរារាំងកិច្ចសហប្រតិបត្តិការបែបនេះ ដើម្បីផលប្រយោជន៍គោលនយោបាយផ្ទាល់ខ្លួន៕ ប្រភព៖ CGTN



