ករណីឆ្លងកូវីដនៅចិនហក់ឡើងខ្លាំង ខណៈចិនត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក

ទីក្រុង Tianjing របស់​ចិន​មាន​ករណី​ឆ្លង​កូ​វី​ដ ១៩​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៣ មករា នេះ ខណៈ​ដែល​អាជ្ញា​ធរ​ក្រុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ដែល​បណ្តាល​ឲ្យ​រីក​រាលដាល​វីរុស​បំ​លែង​ថ្មី Omicron ទៅ​កាន់​ក្រុង​ផ្សេង​ទៀត​។

វីរុស​​បំប្លែង​​ថ្មី Omicron កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​ចិន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​កំពុង​ដុតដៃដុតជើង​ដើម្បី​ទប់ស្កាត់​វា ខណៈ​ចិន​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ថ្ងៃ​ទី ៤ ខែកុម្ភៈ ព្រមទាំង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ទីក្រុង Tianjing ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉េ​កាំ​ង បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Omicron ក្នុង​សហគមន៍​ចំនួន ៤១​ករណី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ធៀប​ទៅ​នឹង ៣៣​ករណី​កាលពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គណៈ​ក​ម្ម​​ការ​សុខភាព​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ចំណែក​ទីក្រុង Dalian ក៏​មាន​សេចក្តីរាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស Omicron ផង​ដែរ​លើ​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Tianjing​។

ទីក្រុង Anyang វិញ​ដែល​ស្ថិត​នៅ​ខេត្ត Henan ភាគ​កណ្តាល​ប្រទេស​ចិន បាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ៤៣​ករណី​កាលពី​ថ្ងៃ​ពុធ ធៀប​ទៅ​នឹង ៦៥​ករណី​កាលពី​ថ្ងៃ​អង្គារ​។ អាជ្ញាធរ​ក្នុង​ទីក្រុង​នេះ​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស Omicron ចំនួន ២​ករណី ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​តាមដាន​សិស្ស​ម្នាក់​ដែល​មក​ពី​ទីក្រុង Tianjin​។

ករណី​ឆ្លង​វីរុស​នៅ​ក្នុង​ទីក្រុង Tianjin និង Anyang មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​ការ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ឆ្លង​វីរុស​បាន​ធ្វើ​ឲ្យ​មានការ​រឹត​បន្តឹង​ការ​ដើរហើរ​ក្នុង និង​ក្រៅ​ទីក្រុង​។

ទីក្រុង​ជា​ច្រើន​ទូ​ទាំង​ប្រទេស​ចិន​បាន​បញ្ជា​ឲ្យ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ដែល​ទើបបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Tianjin និង Anyang​។ ខណៈ​ទីក្រុង​ជា​ច្រើន​ទៀត រួម​ទាំង​ប៉េ​កាំ​ង​ផង​ដែរ បាន​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ស្នាក់​នៅផ្ទះ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន ដែល​ជា​ពេលវេលា​ដ៏​មមាញឹក​បំផុត​ប្រចាំឆ្នាំ​។

សូម​រម្លឹក​ថា វីរុស​កូ​វី​ដ ១៩​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​ទូ​ទាំង​ពិភពលោក​។ គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែមករា​នេះ ចិន​មានការ​ឆ្លង​វីរុស​សរុប​ចំនួន ១០៤.៣៧៩​ករណី និង​ស្លា​.​ប់ ៤.៦៣៦​នាក់​៕

ads banner