ផ្ញើរគ្រឿងញៀនតាមក្រុមហ៊ុន វីរៈប៊ុនថាំ ប៉ូលិសចាប់ខ្លួនប្រុសស្រី ២នាក់ជាអ្នកបញ្ជាទិញ និងម្ចាស់បញ្ញើ

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ រ៉ឹ​ម មិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដបាត់ដំបង ឃាត់ខ្លួន ស្ត្រី​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន (​ផ្ញើ​តាម​ក្រុមហ៊ុន ដឹក​ជញ្ជូន វី​រៈ ប៊ុ​ន​ថាំ​) កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ ។

បើយោងតាមប្រភពីស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អោយដឹងថា បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បន្ដ​ស្រាវជ្រាវ​ឈាន​ដល់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត និង​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ រក​ឃើញ គ្រាប់​អាវុធ​វែង ចំនួន ០៧​គ្រាប់ ។

ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទាំង​២​នាក់ រួម​មាន ៖
ទី​១- ឈ្មោះ ជា សុវណ្ណ​បញ្ច​កា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ​តាម​អន​ឡាញ (​ជា​អ្នក​មក​ទទួល​គ្រឿងញៀន ផ្ញើ​ពី​ភ្នំពេញ ទៅ​ខេត្ដបាត់ដំបង​) ។

និង​ទី​២- ឈ្មោះ ម៉​ម សា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ (​ជា​ម្ចាស់​គ្រឿងញៀន ដែល​ផ្ញើ​ពី​ភ្នំពេញ​ទៅ​ខេត្ដបាត់ដំបង និង​ក្រុង​ប៉ោយ​ប៉ែ​ត​) ។

វត្ថុ​តាង​ដែល សមត្ថកិច្ច​ចាប់​យក​បាន​រួម​មាន ៖ ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់​ធំ​ល្មម​, ម្សៅ​ម៉ត់​ពណ៌​ស ចំនួន​០២​កញ្ចប់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​២៥០​គ្រាប់​, ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​២០០​គ្រាប់​, ទូរ​សព្ទ​ចំនួន​០២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​រម្លឹក​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១០ មក​រា ២០២២ ទទួល​បាន​ព័ត៌មាន​ករណី​គ្រឿងញៀន ពី​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​រាយការណ៍​មក​ថា មាន​បញ្ញើ​គ្រឿងញៀន តាម​រយៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន វី​រៈ ប៊ុ​ន​ថាំ ពី​ក្រុងភ្នំពេញ ឆ្ពោះ​មក​ខេត្តបាត់ដំបង ។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ជំនាញ បាន​ចុះ​ទៅ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន វី​រៈ ប៊ុ​ន​ថាំ សាខា​ខេត្តបាត់ដំបង និង​បាន​សហការ​ជាមួយ​ដំណាង​សាខា​ក្រុមហ៊ុន ធ្វើការ​ឆែកឆេរ ពិនិត្យ​ឃើញ​បញ្ញើ​ឥ​វ៉ា​ន់​មួយ​មាន​ផ្ទុក​សារធាតុ​ញៀន ក្នុង​កញ្ចប់​នោះ ។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​ជំនាញ​បន្ត​ស្រាវជ្រាវ ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន ហើយ​បាន​ដឹក​កញ្ចប់​ឥ​វ៉ា​ន់​នោះ យក​ទៅ​ឲ្យ​មេខ្លោង​ដែល​កុម្ម៉ង់​ទិញ នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ជា​លទ្ធផល ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ជា សុវណ្ណ​បញ្ច​កា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖ ទូរ​សព្ទ​ចំនួន ០១​គ្រឿង ៕

ads banner