អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងបាក់ឌុបគ្រោងប្រកាសដូចការគ្រោងទុក
ទោះបីមិនទាន់ឲ្យដឹងពីទិន្នន័យនៃការជាប់ ឬធ្លាក់ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី១៣ មករា ឆ្នាំ២០២២ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបថ្ងៃ២៧-២៨ធ្នូ ២០២១ ត្រូវបានបញ្ចប់ទាំងស្រុង នាថ្ងៃ០៥ មករា ២០២២ តាមការគ្រោងទុក។
ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។
បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក កិច្ចការ និងឯកសារផ្សេងៗមករក្សាទុក ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ ១៦ មករា ២០២២។
លោកបញ្ជាក់ថា លទ្ធផលនៃការប្រឡងបាក់ឌុបគ្រោងប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២» ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យបានឲ្យដឹងថា បវេសនកាលឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តពង្រឹងការរៀននិងបង្រៀនតាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅនិងគ្រឹះស្ថានមត្តេយ្យសិក្សា ឱ្យប្រព្រឹត្តទៅជាប្រក្រតីដោយបន្តអនុវត្តគោលការប្រតិបត្តិស្តង់ដាចុះថ្ងៃ០៤ សីហា ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជននិងកីឡាតម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តពង្រឹងការអនុវត្តសុវត្ថិភាពសុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំនិងសិស្សានុសិស្ស ។
ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២សម្រាប់ការសិក្សា គឺឲ្យមានការរៀនសូត្រជាបន្តប្រកបដោយគុណភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទប់ស្កាត់ និងបង្ការការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
សម្រាប់លទ្ធផលតេស្តរកកូវីដ-១៩ សូមយោងតាមការរប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល ។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបង្ការ គ្រប់គ្រង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ៕