សហរដ្ឋអាមេរិករិះគន់ចិន ទាក់ទងនឹងការផ្អាកជើងហោះហើរ
អាជ្ញាធរអាកាសចរស៊ីវិលអាមេរិក កាលពីថ្ងៃពុធកន្លងទៅ បានធ្វើការរិះគន់ចិន ពាក់ព័ន្ធនឹងការផ្អាកជើងហោះហើរ ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ហើយថែមទាំងព្រមានថា ខ្លួននឹងចាត់វិធានការសមស្របណាមួយទៀតផង។
«ទង្វើរបស់ចិនគឺមិនមានភាពទៀងទាត់ប្រាកដប្រជា ជាមួយនឹងកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរវាងអាមេរិក និងចិន។ យើងបានធ្វើការទាក់ទងជាមួយនឹងរដ្ឋាភិបាលចិននៅលើបញ្ហានេះ ហើយយើងនឹងរក្សាសិទ្ធិក្នុងការដាក់វិធានការនិយ័តកម្មណាមួយតាមការគួរ»។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។
តែយ៉ាងណាមិញ ស្ថានទូតចិនប្រចាំការនៅសហរដ្ឋអាមេរិកនៅមិនទាន់ឆ្លើយតបពាក់ព័ន្ធនឹងករណីនេះទេ។
ចិនចាប់តាំងពីខែធ្នូមក បានធ្វើការផ្អាកជើងហោះហើរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសខ្លួន ដោយយោងលើការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ វ៉ារ្យង់អូមីក្រុងមកកាន់ប្រទេសខ្លួន។ មិនមែនបិទត្រឹមតែអាមេរិកទេ ពោលឱ្យមានសន្ទុះនៃការផ្ទុះឡើងវិញនៃជំងឺរាតត្បាតសកលនេះ ចិនបានធ្វើការបិទព្រំដែនប្រទេសរបស់ខ្លួនតែម្ដង។
អំឡុងមានការរាតត្បាតជំងឺកូវីដ-១៩ ជើងហោះហើររវាងអាមេរិក និងចិនមានប្រមាណ ២០ជើងក្នុងមួយសប្ដាហ៍ ដោយកាលពីមុនជំងឺវាយលុកមក ប្រទេសទាំងពីរមានយន្តហោះហោះទៅគ្នាទៅវិញទៅមករហូតដល់ទៅ ១០០ជើងឯណោះ៕

ប្រភព៖ Reuters