អាជ្ញាធរហ្វីលីពីននឹងស៊ើបអង្កេតលើបញ្ហាក្រុមហេគឃ័រចូលក្នុងប្រព័ន្ធទិន្នន័យបោះឆ្នោត

អាជ្ញាធរ​ហ្វីលីពីន​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ ពាក់ព័ន្ធ​នឹង​ការ​ចូល​ប្រើប្រាស់​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​បោះឆ្នោត​ពី​សំណាក់​ក្រុម​ហេគឃ័រ បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ថា ចោរ​បច្ចេកវិទ្យា​បាន​លួច​ព័ត៌មាន​ពី​ប្រព័ន្ធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហ្វីលីពីន។

សារព័ត៌មាន Manila Bulletin បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា មាន​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​សម្រួល​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​នេះ។ ជាមួយ​គ្នា​នឹង​ការ​លួច​ចូល​នេះ​ដែរ ក្រុម​ហេគឃ័រ​នោះ​ក៏​បាន​ធ្វើ​ការ​ទាញ​យក​ឯកសារ​ទំហំ​ប្រមាណ ៦០ជីកាបៃត៍ បាន​ដោយ​ជោគជ័យ​ទៀត​ផង។

យ៉ាងណាមិញ ខាង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ហ្វីលីពីន​ទាត់​ចោល​នូវ​ការ​ចុះ​ផ្សាយ​នេះ ហើយ​បាន​បញ្ជាក់​អះអាង​ថា មិន​មាន​ទិន្នន័យ​ណា​មួយ​បាត់បង់​នោះ​ទេ។

ចំណែក ឯ​ភាគី​ Manila Bulletin ក៏​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​ប្រភព​នៃ​ការ​ចុះ​ផ្សាយ​របស់​ខ្លួន​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​លើ​ការ​ការពារ​ឯកជនភាព​ហ្វីលីពីន​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ស៊ើបអង្កេត​ពី​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង ហើយ​ក៏​អំពាវនាវ​ឱ្យ​អ្នក​រៀបចំ​ការ​បោះឆ្នោត​បកស្រាយ​ឱ្យ​ច្បាស់លាស់​ជាង​នេះ៕

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner