ជីប ម៉ុង រីថែល ចាប់ដៃគួរសហការជាមួយក្រុមហ៊ុនធំៗចំនួនពីរ ព្រមទាំងជ្រើសយកកញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈ ដើម្បីលើកស្ទួយសក្តានុពលក្រុមហ៊ុនខ្លួន
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលមានពាណិជ្ជកម្មក្នុងវិស័យលក់រាយនិងផ្សារទំនើបជីប ម៉ុង បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន មីងវួយ គ្រុប និងក្រុមហ៊ុន CBRE ព្រមទាំងជ្រើសរើសយកកញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈ ស្ថិតក្នុងគោលបំណងដើម្បីពង្រឹងសហប្រតិបត្តិការដៃគូពាណិជ្ជកម្មអោយកាន់តែរឹងមាំ។

មានប្រសាសន៍ក្នុងពិធីនេះ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Arnaud Dufresne បានអោយដឹងថា «ខ្ញុំ ជឿ ជាក់ថា ពិធីចុះអនុស្សារណៈនៃការយោគយល់ ដែលយើងចុះហត្ថលេខានៅថ្ងៃនេះ នឹងធ្វើអោយក្រុមហ៊ុនទាំង៣រីកចំរើនរួមគ្នា ហើយធ្វើអោយពាណិជ្ជកម្មរបស់ក្រុមហ៊ុនកាន់តែរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា។ លោកបន្តថា ការចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន មីងវួយ គ្រុប គឺមានចក្ខុវិស័យមុតមាំក្នុងការរឹតចំណងពាណិជ្ជកម្មជាមួយ មីងវួយ គ្រុប អោយកាន់តែប្រសើរ ជាពិសេសគឺពង្រីកពាណិជ្ជកម្មរបស់ មីងវួយ គ្រុប ក្នុងផ្សារទំនើប ជីប ម៉ុង។

បន្ថែមលើនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏ចុះអនុស្សារណៈនៃការយោគយល់ជាមួយ CBRE ដែលជាក្រុមហ៊ុនអន្តរជាតិ ដែលមានជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំមកហើយដែលបង្កើតតាំងពីឆ្នាំ២០០៨ និងមានវត្តមាននៅកម្ពុជា។ ក្រុមហ៊ុន CBRE នឹងធ្វើអោយប្រសើរឡើងនៃយុទ្ធសាស្ត្រទីផ្សារសំរាប់ក្រុមហ៊ុន ជីប ម៉ុង រីថែល រួមទាំងប្រឹក្សាយុទ្ធសាស្រ្តជួលអចលនទ្រព្យ ដូចជាការិយាល័យសំរាប់ជួល នៅអគារ Chip Mong Tower និង ក្រុមហ៊ុន ជីប ម៉ុង រីថែល។ នាឱកាសនោះដែរ តារាស្រីស្រស់ស្អាតនិងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ កញ្ញា ស៊ីន យូប៊ីន ត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលកញ្ញានឹងធ្វើការងារផ្សព្វផ្សាយពាណិជ្ជកម្ម និងចូលរួមសកម្មភាពនានារបស់ក្រុមហ៊ុន ខណៈពេលកញ្ញា ស៊ីន យូប៊ីន ក៏ចុះកុងត្រា និងចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់នេះដែរ។ កញ្ញា ស៊ីន យូប៊ីន គឺជាអតីត Freshie Girl លេខ១។ កញ្ញាប្តេជ្ញាចិត្តខិតខំបំពេញការងាររបស់ខ្លួនអោយល្អបំផុត ក្នុងនាមជាទូតសុច្ឆន្ទៈក្រុមហ៊ុន ជីប ម៉ុង រីថែល។ កញ្ញាពិតជាមានកិត្តិយស និងរំភើប ចំពោះការងារថ្មីនៅដើមឆ្នាំ ២០២២នេះ ដែលធ្វើអោយការងាររបស់កញ្ញាជោគជ័យមួយកំរិតទៀត លើវិស័យសិល្បៈ។ កញ្ញាក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលបានជ្រើសរើសរូបកញ្ញាជាទូតសុច្ឆន្ទៈ ដោយកញ្ញាប្តេជ្ញាថា នឹងខិតខំអស់ពីសមត្ថភាពដើម្បីធ្វើអោយការងារថ្មីរបស់នាងដំណើរការរលូន។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជ្រើសរើសកញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈ ដោយជឿជាក់លើសមត្ថភាព និងប្រជាប្រិយភាពរបស់កញ្ញា ដែលជាបុគ្គលជាទីស្រលាញ់របស់មហាជន។ ម្យ៉ាងវិញទៀត កញ្ញាជាបុគ្គលដែលមានស្តាយស្លៀកពាក់ស្អាតៗ ចូលចិត្តទិញឥវ៉ាន់នៅផ្សារទំនើប រួមទាំងជានិមិ្មត្តរូបរបស់យុវវ័យលើម៉ូតទាន់សម័យ។ ហើយការដែលកញ្ញា យូប៊ីន ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល នោះគឺដោយសារជាក្រុមហ៊ុនដ៏ធំមួយនេះនៅកម្ពុជា មានជំនាញក្នុងវិស័យលក់រាយ និងមានផលិតផលល្អ គុណភាពខ្ពស់ តំលៃសមរម្យ រួមទាំងក្រុមហ៊ុន ជីប ម៉ុង រីថែល មានកិត្តិស័ព្ទល្អនៅក្នុងសង្គម៕






