ជនសង្ស័យចំនួន៩នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នពីបទលួចបូមប្រេងរថយន្ត
ជនសង្ស័យចំនួន៩នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទលួចបូមប្រេងរថយន្ត និងទទួលផលចោរកម្ម ដោយជនសង្ស័យទាំង៩នាក់បានឃុបឃិតគ្នារៀបគំរោងការលួចបូមប្រេងពីគ្រឿងចក្ររបស់ក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ៥ ពីស្រុកពញាឮ ខេត្តកណ្ដាល ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រតិបត្តិការបង្ក្រាបករណីលួចបូមប្រេងពីរថយន្ត និងគ្រឿងចក្ររបស់ក្រុមហ៊ុនជប៉ុន ធ្វើផ្លូវជាតិលេខ៥ ខាងលើនេះ បានចំនួន៩ នាក់ គឺ ៖១/- ឈ្មោះ កែត ភា, ២/- ឈ្មោះ ខៀវ សាវឿន, ៣/- ឈ្មោះ ឃឿន វិសាល, ៤/- ឈ្មោះ ទន់ សាតូ, ៥/- ឈ្មោះ ប៉ាត់ ប៊ុនលី, ៦/- ឈ្មោះ យក់ សីហា ត្រូវបានចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួច» ។ ៧/- ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវចោទប្រកាន់ពីបទ «លួចលក់ប្រេង»។ ៨/- ឈ្មោះ តឹប ណាត និង៩/- ឈ្មោះសុខ ពិសិដ្ឋ ត្រូវបានចោទពីបទ «ទទួលផលចោរកម្ម អ្នកទទួលទិញប្រេង» ដែលបានប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបន្តថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចក៏បានដកហូតប្រេងម៉ាស៊ូតចំនួន០៨កាន និងរថយន្តដែលលួចចូលទៅបូមប្រេងចំនួន០១គ្រឿង ម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។ពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចផ្ទាល់ថា មានមនុស្ស១ក្រុមជាអ្នកស៊ីឈ្នួលបើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុនកើតហេតុខាងលើ ហើយបានឃុបឃិតគ្នាជាមួយនឹងសន្តិសុខយាមគ្រឿងចក្រ ដោយបើកដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង ។ ហើយករណីលួចបូមប្រេងលក់នេះ មិនមែនជាលើកទី១នោះទេ គឺជនសង្ស័យទាំងនេះតែងតែប្រព្រឹត្តិបែបនេះជាច្រើនលើកច្រើនសារមកហើយ ហើយរាល់ការប្រព្រឹត្តម្តងៗគឺមានការចាត់តាំងបក្សពួក ដើម្បីរៀបចំចាំលួចបូមប្រេងរហូត៕



