ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» និងបានស្តាប់នូវបទបង្ហាញអំពីគម្រោង នៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ។

តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជន​ជា​ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅ​អំពី​ដំណើរពលិកម្មរបស់​ឥស្សរជនជំនាន់​មុន​ដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការ​ស្វែករកសុខ​សន្តិភាពជូនប្រទេសជាតិ ​ដោយការដាក់ជីវិតជាដើមទុន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែង​អំណរគុណ​គណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចំពោះការធ្វើបទបង្ហាញ ​និងសូមជូនពរឱ្យដំណើរ ប្រព្រឹត្តទៅ​នៃការផលិតភាពយន្ដដ៏មានអត្ថន័យជ្រាលជ្រៅនេះ ​ប្រកបដោយភាពរលូន និង​ទទួលបានជោគជ័យ៕

ads banner