ចាន់ វឌ្ឍនាកា ដាច់សរសៃជង្គង់ និងត្រូវធ្វើការវះកាត់ក្រោយរងរបួសក្នុងការប្រកួតពានមិត្តភាពម្សិលមិញ

ក្លិបបាល់ទាត់បឹងកេត បានប្រកាសជាផ្លូវការ អំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ហើយ ដោយរូបគេបានដាច់សរសៃជង្គង់ខាងស្ដាំ និងត្រូវធ្វើការវះកាត់ផងដែរ បន្ទាប់ពីរងរបួស អំឡុងការប្រកួតក្នុងពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup 2022 រវាងក្រុមបឹងកេត ជាមួយវិសាខា នៅកីឡដ្ឋានព្រីនស៍ កាលពីម្សិលមិញ ។

ប្រភពខាងលើបានបញ្ជាក់ថា «បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផលស្ថានភាពរបួសបានឲ្យឃើញថា វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។ ខណ:ពេលនេះក្លិបកំពុងរៀបចំដើម្បីឲ្យគាត់បានធ្វើការវះកាត់ ជូនពរឲ្យការវះកាត់ទទួលបានជោគជ័យ និងជាសះស្បើយបានឆាប់រហ័ស» ។

គួរដឹងថា ក្នុងជំនួបពានរង្វាន់ Pre-Season ខាងលើ ចាន់ វឌ្ឍនាកា ត្រូវបានប្ដូរចេញភ្លាមៗ ត្រឹមនាទី៣០ ក្រោយមានបញ្ហារបួសជង្គង់ ខណៈលទ្ធផលក្រោយចប់ការប្រកួតបឹងកេត ចាញ់វិសាខា ៣-២ ។ ចំពោះការវះកាត់ជង្គង់វិញ ក្លិបមិនបានបញ្ជាក់ថា វឌ្ឍនាកា ត្រូវសម្រាកព្យាបាលរយៈពេលប៉ុន្មាននោះទេ តែផ្អែកលើស្ថានភាពរបួសកីឡាករទូទៅ ក្រោយវះកាត់ជង្គង់(ACL) ពួកគេត្រូវសម្រាកចន្លោះពីកន្លះឆ្នាំ ទៅ ១ឆ្នាំឯណោះ ៕

ads banner