តើនឹងមានអ្វីកើតឡើងប្រសិនបើរុស្សីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅអឺរ៉ុប?

ខណៈ​ពេល​ដែល​រុស្សី​ប្រមូល​ផ្ដុំ​ទាហាន​រាប់​ម៉ឺន​នាក់​នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ ភាព​តានតឹង​ក៏​បាន​កើន​ឡើង​នៅ​លើ​ទីផ្សារ​ថាមពល​ផង​ដែរ​។ វា​មិន​ពិបាក​មើល​ឃើញ​ទេ​ ឧស្ម័ន​ធម្មជាតិ​រុស្សី​ហូរ​តាម​បណ្ដាញ​បំពង់​បង្ហូរ​ទៅ​រោងចក្រ​អគ្គិសនី និង​ទៅ​កម្ដៅ​គេហដ្ឋាន​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​។ រុស្សី​ក៏​ជា​ប្រភព​ប្រេង​ឥន្ធន​សំខាន់​របស់​អឺរ៉ុប​ផង​ដែរ​។

ឥឡូវ​នេះ​មន្ត្រី​លោក​ខាង​លិច​គឺ​កំពុង​ពិចារណា​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិន​បើ​រុស្សី​សម្រេច​ប្រើប្រាស់​វិធានការ​ថ្ងៃ​អវសាន​ ដោយ​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ និង​ប្រេង​ឥន្ធន​ទាំង​នោះ​ នៅ​ចំ​កណ្ដាល​រដូវ​រងា​របស់​អឺរ៉ុប​។

ការ​ប្រឈម​មុខ​ដាក់​គ្នា​លើ​អ៊ុយក្រែន​កើត​ឡើង​នៅ​ពេល​មិន​សមរម្យ។ តម្លៃ​ថាមពល​ពិភព​លោក​បាន​កើន​ឡើង​រួច​ហើយ ដោយ​សារ​ការ​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​បាន​យឺត​យ៉ាវ​តាម​មិន​ទាន់​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ពិភពលោក​បន្ទាប់​ពី​ការ​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​។

នៅ​អឺរ៉ុប​ តម្លៃ​បាន​កើន​ឡើង​ដល់​កម្រិត​ដ៏​ខ្ពស់​មួយ​ ដែល​បាន​ទាក់ទាញ​ការ​នាំ​ចូល​ឧស្ម័ន​ពី​សហរដ្ឋអាមេរិក កាតា និង​ប្រទេស​ដទៃ​ទៀត​ ដែល​ជា​ធម្មតា​មាន​តម្លៃ​ថ្លៃ​ជាង​ឧស្ម័ន​នៅ​អឺរ៉ុប​។ កាល​ពី​ថ្ងៃ​អង្គារ សេតវិមាន​បាន​និយាយ​ថា​ កិច្ច​ពិភាក្សា​កំពុង​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ការ​សម្រប​សម្រួល​ផ្គត់ផ្គង់​ថាមពល​ទៅ​អឺរ៉ុប​ ប្រសិន​បើ​រុស្សី​ផ្ដាច់​ការ​ផ្គត់ផ្គង់​។

ទ្វីប​អឺរ៉ុប​គឺ​កំពុង​ឆ្លង​កាត់​រដូវ​រងា​ ជាមួយ​វិបត្តិ​ថាមពល​ដ៏​ធំ​មួយ​ ខណៈ​ពេល​ដែល​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ និង​អគ្គិសនី​កើន​ឡើង​យ៉ាង​ខ្លាំង​។ វិបត្តិ​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​កម្រិត​ស្តុក​ទុក​ឧស្ម័ន​នៅ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ តម្លៃ​ឧស្ម័ន​ធម្មជាតិ​បាន​កើន​ឡើង​រហូត​ដល់​ប្រាំ​ដង​ ហើយ​បើ​ទោះ​បី​ជា​បាន​ធ្លាក់​ចុះ​ដល់​ពាក់​កណ្ដាល​ តម្លៃ​ឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប​គឺ​នៅ​ថ្លៃ​ជាង​ទីផ្សារ​ផ្សេង​រហូត​ទៅ​ដល់​ ៧ ដង​។ តម្លៃ​ឧស្ម័ន​ខ្ពស់​ ក៏​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​កើន​ឡើង​ផង​ដែរ​ ធ្វើ​ឱ្យ​អឺរ៉ុប​បិទ​រោងចក្រ​ដែល​ប្រើប្រាស់​ថាមពល​ច្រើន​ ដូចជា​រោងចក្រ​ជី និង​រោងចក្រ​លោហៈ​ ជា​បណ្ដោះ​អាសន្ន​។

រុស្សី​ក៏​បាន​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​លំបាក​។ នៅ​ឆ្នាំ​នេះ​រុស្សី​បាន​នាំ​ចេញ​ឧស្ម័ន​នៅ​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​ៗ​ ហើយ​ឃ្លាំង​ឧស្ម័ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រដ្ឋ​រុស្សី​បាន​រក្សា​កម្រិត​ស្តុក​ទុក​ទាប​បំផុត​។

ប្រទេស​រុស្សី​ផ្គត់ផ្គង់​ប្រហែល​មួយ​ភាគ​បី​នៃ​ឧស្ម័ន​ធម្មជាតិ​របស់​អឺរ៉ុប ហើយ​ភាព​លេច​ធ្លោ​របស់​ខ្លួន​ជា​អ្នក​ផ្គត់ផ្គង់​បាន​កើន​ឡើង​បន្ថែម​ទៀត​ ខណៈ​ដែល​ទិន្នផល​ក្នុង​ស្រុក​របស់​ទ្វីប​នេះ​បាន​ធ្លាក់​ចុះ​។

ផលិតកម្ម​នៅ​ប្រទេស​ហូឡង់ ដែល​ធ្លាប់​ជា​ប្រទេស​ផលិត​ឧស្ម័ន​ធំ​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ហូឡង់​បាន​បិទ​ជា​បណ្ដើរ​ៗ អណ្ដូង​ Groningen ដ៏​ធំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រញ្ជួយ​ដី​ដែល​បណ្ដាល​មក​ពី​ការ​បូម​ឧស្ម័ន។

ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​ក៏​កំពុង​កើន​ឡើង​ផង​ដែរ​ ខណៈ​ដែល​ប្រទេស​សហភាព​អឺរ៉ុប​ដូចជា​អាល្លឺម៉ង់​ធ្វើ​ការ​បិទ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម និង​នុយក្លេអ៊ែរ​ដើម្បី​បំពេញ​គោលដៅ​បរិស្ថាន​របស់​ពួកគេ​។

បើ​ទោះ​បី​ជា​សហភាព​អឺរ៉ុប​ព្យាយាម​ធ្វើ​ការ​វិនិយោគ​លើ​ប្រភព​ថាមពល​កកើត​វិញ​ ដូចជា​ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យ​ ពួកគេ​គឺ​នៅ​រំពឹង​លើ​ប្រភព​ថាមពល​ចាស់​ដដែល​ ហើយ​ឧស្ម័ន​ធម្មជាតិ​គឺ​ជា​ប្រភព​គួរ​ឱ្យ​ទាក់ទាញ​ជាង​គេ​។

ក្រៅ​ពី​បំពង់​ក្រោម​សមុទ្រ​ បំពង់​បង្ហូរ​សំខាន់​ៗ​មួយ​ចំនួន​គឺ​ឆ្លង​កាត់​ប្រទេស​អ៊ុយក្រែន​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​បំពង់​ទាំង​នេះ​អាច​រង​ការ​ខូចខាត ឬ​ការ​បិទ​ ប្រសិន​បើ​រុស្សី​សម្រេច​ធ្វើ​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។

ក្រៅ​ពី​ការ​ផ្ទុះ​សង្គ្រាម​ រុស្សី​អាច​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ជា​ការ​ឆ្លើយ​តប​ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​បាន​សន្យា​នឹង​ដាក់​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​រុស្សី​នឹង​មាន​ការ​ប្រុង​ប្រយត្ន័​ចំពោះ​ការ​ចាត់​វិធានការ​យ៉ាង​ខ្លាំង​បែប​នេះ​ប្រឆាំង​នឹង​អ្វី​ដែល​ជា​អតិថិជន​សំខាន់​បំផុត​របស់​ពួកគេ​។ ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​ប្រភព​ចំណូល​សំខាន់​មួយ​ប្រឈម​នឹង​ហានិភ័យ​។ អឺរ៉ុប​គឺ​រំពឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ឧស្ម័ន​រុស្សី ប៉ុន្តែ​រុស្សី​ក៏​រំពឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ចំណូល​បាន​ពី​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​មួយ​ពិបាក​ស្វែង​រក​អ្វី​មក​ជំនួស​បាន​។

ចុង​ក្រោយ​ វិបត្តិ​ថាមពល​អឺរ៉ុប និង​វិបត្តិ​អ៊ុយក្រែន​គឺ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​ទំនាក់​ទំនង​អ្នក​ប្រើប្រាស់​ និង​អ្នក​ផ្គត់ផ្គង់​ របស់​រុស្សី និង​សហភាព​អឺរ៉ុប។ វិបត្តិ​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​រូបភាព​របស់​រុស្សី​ជា​អ្នក​ផ្គត់ផ្គង់​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​អាច​ជំរុញ​ឱ្យ​អឺរ៉ុប​ទៅ​ស្វែង​រក​ប្រភព​ថាមពល​ថ្មី​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner