អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាល្លឺម៉ង់អបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធានអាស៊ាន
ភ្នំពេញ៖ លោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធានអាស៊ាន និងការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។
ការគាំទ្រនេះ នៅក្នុងជំនួបជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២២។
អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ បានអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងអំពីការត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើការជាមួយកម្ពុជា។
ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងវិបត្តិដែលកំពុងបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Petra Sigmund អំពីអាទិភាពនានារបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងអំពីការប្រឈមសំខាន់ៗដែល អាស៊ានកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងបានជម្រាបជូនដោយសង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។ លទ្ធផលសំខាន់ៗដែលសម្រេចបានត្រូវបានស្តែងចេញតាមរយៈការប្តេជ្ញាចិត្តពីភាគីយោធាក្នុងការពន្យារបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ជាមួយក្តីសង្ឈឹម ដើម្បីបញ្ចប់សកម្មភាពហិង្សា គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន (5PC) សម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ ប្រកបដោយបរិយាប័ន្ន និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិចារណាឡើងវិញលើរឿងក្តី របស់សាស្រ្តាចារ្យជនជាតិអូស្រ្តាលី ឈ្មោះ សៀន ធឺរណែល(Sean Turnell) នៅពេលដែល ដំណើរការតុលាការបានបញ្ចប់។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមានគោលបំណងតែមួយគត់ គឺដើម្បីជួយប្រទេសមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយខ្វះមិនបាន នៅក្នុងដំណើរការនៃកិច្ចចរចា។លើសពីនេះ ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺដើម្បីទម្លាយភាពជាប់គាំង សម្រាប់វឌ្ឍនភាពមួយជំហានម្តងៗ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន(5PC)។ ប៉ុន្តែទោះបីជាណាក៏ដោយ ដំណើរការសន្តិភាពណាមួយត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ា៕
ដោយៈពលជ័យ



