រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ជួយដល់ប្រទេសទីម័រខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ជួយដល់ប្រទេសទីម័រខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន ។
នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ម៉ាកណូ រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក២៨ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកជំទាវ អញ្ជើញមកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ។
នៅក្នុងជំនួបនេះ លោកជំទាវ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត បានគោរពស្នើសុំសម្ដេចតេជោ ដើម្បីបញ្ជូនអ្នកបច្ចេកទេសមកសិក្សាអំពីកម្ពុជា ពាក់ព័ន្ធការចូលខ្លួនទៅក្នុងអង្គការ WTO និងការចូលខ្លួនទៅក្នុងសមាជិកអាស៊ាន ។ លោកជំទាវ បានគោរពស្នើសុំសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ជួយប្រទេសទីម័រខាងកើត បានចូលជាសមាជិកអាស៊ាន ហើយក៏បានគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។
ជាការឆ្លើយតបនឹងសំណើរបស់ទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា តែងតែគាំទ្រការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតជាសមាជិកអាស៊ាន ហើយចំពោះមុខ កម្ពុជា នឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិត នៅប្រទេសទីម័រខាងកើតឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់ សម្រាប់ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ក្នុងការចូលជាសមាជិកអង្គការ WTO និងការចូលជាសមាជិកអាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងវិញ ជាពិសេស ជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព នៅកិច្ចព្រមព្រៀង និងអនុស្សារណៈដែលបានចុះហត្ថលេខារួចហើយ ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីព្រះរាជាណាចក្រកម្ពុជា ហើយករណីការបញ្ជាទិញអង្ករពីកម្ពុជានេះសម្តេចតេជោ បានមានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់នាំចេញ ដើម្បីជាស្ថេរភាពក្នុងការផ្គត់ផ្គង់អង្ករទៅប្រទេសទីម័រខាងកើត។ សម្ដេចតេជោក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពីចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង ត្បូង ជាពិសេស ពិនិត្យឲ្យមានកិច្ចព្រមព្រៀងគាំពារវិនិយោគ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ ។
ក្នុងឱកាសនោះដែរ លោកជំទាវ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត បានគោរពពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រី ជូនសម្ដេចតេជោ។ លោកជំទាវ បានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះចំណាត់ការរបស់សម្ដេចតេជោ លើបញ្ហាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ19 ។ លោកជំទាវ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជាវ៉ាក់សាំង និងគ្រឿងបរិក្ខារការពារទប់ស្កាត់ជំងឺកូវីដ19 ជូនដល់ប្រទេសទីម័រខាងកើត។ លោកជំទាវ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត ក៏បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ វីរភាពដ៏ថ្លៃថ្លាក្នុងការដឹកនាំរបស់សម្ដេចតេជោ ដែលនាំមកជូនកម្ពុជា នូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍជឿនលឿនជាទីបំផុត ។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្ត្រី ជូនចំពោះសម្ដេច និងបានធ្វើការកោតសរសើរចំពោះភាពជោគ ជ័យរបស់ទីម័រខាងកើត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 យ៉ាងមានប្រសិទ្ធភាព ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏សូមផ្ញើជូននូវការសួរសុខទុក្ខដល់ឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្ត្រី និងបានជូនពរ សូមឱ្យដំណើរការរៀបចំការបោះឆ្នោត ប្រធានាធិបតីរបស់ទីម័រខាងកើត នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២២ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕ ដោយ វណ្ណលុក






